សេតវិមានអះអាងថា «អាមេរិកមិនចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ»
វ៉ាស៊ីងតោន ឌីស៊ី៖ សេតវិមានបាននិយាយ កាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកមិនចង់ឲ្យមានសង្រ្គាម ជាមួយប្រទេសអ៊ីរ៉ង់ទេ។ ប៉ុន្តែខ្លួនអះអាងថា ត្រូវតែឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលកើនឡើង នៅក្នុងប្រទេសហ្ស៊កដានី ហើយ ថ្មីៗនេះ ការវាយប្រហារនេះ បានធ្វើឲ្យស្លាប់ទាហានអាមេរិកបីនាក់ ទៀតផង។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា «យើងមិនស្វែងរកការធ្វើសង្រ្គាម ជាមួយអ៊ីរ៉ង់ទេ»។ លោកបានបន្ថែមទៀតថា «យ៉ាងណាមិញ ការវាយប្រហារ កាន់តែកើនឡើង ទាមទារឱ្យមានការឆ្លើយតប។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទាហានអាមេរិកបីនាក់ត្រូវបានសម្លាប់ និង ២៥ នាក់ទៀត រងរបួស នៅឯមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសហ្ស៊កដានី ក្បែរព្រំដែនប្រទេសស៊ីរី។
ភ្លាមៗ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោននឹង «ឆ្លើយតប» ចំពោះរឿងនេះ។ លោក Biden បានស្តីបន្ទោសកងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់ ជាអ្នកដែលបានវាយប្រហារសម្លាប់ទាហានរបស់សហរដ្ឋអាមេរិក ទាំងនោះ។
គួរបញ្ជាក់ដែរថា កងជីវពលនេះបានវាយប្រហារជាច្រើនខែមកហើយ នៅតំបន់ព្រំដែនហ្ស៊កដានីនិងស៊ីរី។ ក្រុមនេះចាត់ទុកទង្វើនេះ គឺដើម្បីប្រឆាំងនឹងកងកម្លាំងអាមេរិក នៅទូទាំងមជ្ឈិមបូព៌ា ពោលគឺចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមជាថ្មី រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីខែតុលា ឆ្នាំ២០២៣៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

