ឯកឧត្ដមបណ្ឌិត ជីវ កេង និងលោកជំទាវរៀបចំកម្មវិធី សំណេះ សំណា ល សួរសុខទុក្ខ និងពិសារអាហារសាមគ្គីជាមួយ ប្រជាពលរដ្ឋ ឃុំតាំងក្រសៅ
កំពង់ធំ៖ឯកឧត្ដមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោក ជំទាវ ឆាយ ស៊ីណា ជីវ កេង កាលពីចុងសប្ដាហ៍កន្លងទៅនេះ បាន រៀបចំកម្មវិធីជួបជុំសំណេះសំណាល សួរសុខទុក្ខ និងពិសារអាហារ សាមគ្គី ជាមួយប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចំនួនជិត ៦០០នាក់។
កម្មវិធីនេះក៏មានការចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្ត កំពង់ធំ និងលោកជំទាវ រួមជាមួយ គណៈប្រតិភូអមដំណើរមកពី រាជធានីភ្នំពេញផងដែរ។
ក្នុងឱកាសនេះឯកឧត្តម ជីវ កេង បាននូវរំលឹកអនុស្សា វរីយ៍ ដ៏កម្សត់ កម្រ ជាមួយនឹងមនោសញ្ចេតនានឹករំលឹកយ៉ាងជ្រាលជ្រៅបំផុត ជាមួយសាច់ញាតិ មិត្តភក្កិ និងប្រជាជនក្នុងភូមិ ដែលធ្លាប់ បានរស់នៅ និងធ្វើការងារពលកម្មជាមួយគ្នាក្នុងរយ:ពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ នៃរបបខ្មែរក្រហមដែលបានបង្ខំឱ្យប្រជាជន កម្ពុជាទូទាំងប្រទេស រួមទាំងឯកឧត្តម ផ្ទាល់បានលើកទំនប់ និងជីកប្រឡាយ ហាលថ្ងៃ ហាលភ្លៀង និងអត់បាយ។
ឯកឧត្តមបញ្ជាក់ថា ការជួបជុំ ននិងពិសារអាហារសាមគ្គីនាថ្ងៃនេះ គឺខុសពី៤៥ឆ្នាំមុន ពោលគឺខុសដូចមេឃនិងដី ព្រោះពេល បច្ចុប្បន្ន យើងជួបជុំគ្នាហូបអាហារក្រោមម្លប់សន្តិភាព ជាមួយនឹង ការអភិវឌ្ឍ សុខសាន្តត្រាណ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុន ប្តូរយកជូនប្រជាជននិងប្រទេសកម្ពុជា ហើយបាននិងកំពុងត្រូវបានបន្តរក្សា ដោយអ្នកដឹកនាំបន្តវេនដ៏ឆ្នើម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ជីវ កេង បានលើកឡើងនូវពាក្យស្លោកថា ផឹកទឹក ត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ ត្រូវនឹកគុណដល់អ្នកដាំ ដែលជាគោលការណ៍ឯកឧត្តមតែងប្រកាន់ខ្ជាប់ជានិច្ច។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ជីវ កេង មានស្រុកកំណើតនៅក្នុងភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ៕
ដោយ៖ប៊ុន រដ្ឋា
