ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងអំណរគុណរដ្ឋបាលខេត្តតាកែវ ដែល ទទួល យក ទស្សនវិស័យរួម ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លី ជូនប្រជា ពល រដ្ឋរស់នៅក្នុងខេត្ត

(តាកែវ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងអំណរគុណរដ្ឋបាលខេត្តតាកែវ ដែលទទួលយកទស្សនវិស័យរួម របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសចំណុចអាទិភាពដែលបានដាក់ចេញក្នុងអណត្តិទី៧ ដែលជាយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តតាកែវ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្តថា កិច្ចការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទើបការងារដំណើរការដោយរលូន និងមានប្រសិទ្ធភាព។ កិច្ចការធំដែលត្រូវអនុវត្តគឺ ការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុង លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ ហើយឯកឧត្តមយល់ឃើញថា នេះគឺជារឿងមួយដ៏សំខាន់ចាំបាច់សំរាប់រៀបចំដំណើរឆ្ពោះទៅមុខក្នុងអាណត្តិទី៧នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងអំពីទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើយ៉ាងណាគិតគូររៀបចំឱ្យប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីរបស់ខ្លួនប្រកបដោយភាពសុខដុមរមនា មានភាពសម្បូរសប្បាយ មានលំនៅឋានរស់នៅសមរម្យ មានប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព មានអាហារហូបចុកគ្រប់គ្រាន់ មានបរិយាកាសរស់នៅជុំវិញល្អស្អាត មានសុខភាពល្អ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា។

ជាមួយនេះ ការចុះបញ្ជីដីធ្លីគឺជាការបញ្ចប់វិវាទដីធ្លីនៅក្នុងប្រទេសកម្ពុជា និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីស្របច្បាប់ ជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល ដែលកត្តានេះពិតជានឹងអាចកាត់បន្ថយភាពក្រីក្រ ដែលជាគោលដៅចុងក្រោយនៃគោលនយោបាយជំរុញការចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ដោយឡែកសម្រាប់ខេត្តតាកែវ គឺនៅសល់ក្បាលដីត្រឹមតែប្រមាណ ២២ម៉ឺនក្បាលដីទៀតប៉ុណ្ណោះដែលត្រូវចុះបញ្ជីឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅក្នុងនីតិកាលទី ៧ ដោយកិច្ចការនេះទាមទារឱ្យមានកិច្ចសហការ និងការទទួលយកនូវទស្សនៈវិស័យរួម ពីអាជ្ញាធរខេត្តតាកែវ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តតាកែវ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី រួមមាន កុំព្យូទ័រ ២០គ្រឿង ម៉ាស៊ីនព្រីនធ័រA៤ចំនួន ១០គ្រឿង ម៉ាស៊ីនព្រីនធ័រA៣ ចំនួន ៣គ្រឿង និងម៉ាស៊ីនស្គេន ចំនួន ១០ គ្រឿងផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner