ហ្វីលីពីន និងវៀតណាម ឯកភាពជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ និងអង្ករ

ហាណូយ៖ វៀតណាម និងហ្វីលីពីន នៅថ្ងៃអង្គារនេះ ព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការឆ្មាំសមុទ្ររវាងប្រទេសទាំងពីរ និងជៀសវាងការបង្កភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

អំឡុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីក្រុងហាណូយ ប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណាន់ ម៉ាកូស ក្នុងថ្ងៃអង្គារនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរជាមួយវៀតណាម ក្នុងនោះភាគីទាំងពីរយល់ព្រមបង្កើតខ្សែបណ្តាញទំនាក់ទំនងបន្ទាន់ និងបង្កើតគណៈកម្មាធិការឆ្មាំសមុទ្ររួមគ្នា ដើម្បីពិភាក្សាអំពីបញ្ហារួម។

ការិយាល័យប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ មានគោលបំណងពង្រឹងការស្វែងយល់ពីគ្នា, ការជឿទុកចិត្តគ្នាទៅវិញទៅមក និងកសាងទំនុកចិត្តរវាងភាគីទាំងពីរ។ បើតាមសេចក្តីថ្លែងការណ៍ដដែល វៀតណាមក៏បានយល់ព្រមផ្គត់ផ្គង់អង្ករសចំនួន ២លានតោនដល់ហ្វីលីពីនក្នុងរយៈពេល ៥ឆ្នាំផងដែរ ដើម្បីធានាសន្តិសុខស្បៀង ចំពេលមានផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, ជំងឺរាតត្បាត និងបញ្ហាផ្សេងៗទៀត។

អង្ករជាអាហារចម្បងនៅហ្វីលីពីន ប៉ុន្តែប្រទេសនេះមិនអាចផលិតគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រជាជនខ្លួនបានទេ ហើយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចូលគ្រាប់ធញ្ញជាតិកំពូលរបស់ពិភពលោក។ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា វៀតណាមបាននាំចេញអង្កររហូតដល់ ៨៥ភាគរយ ចូលទៅក្នុងប្រទេសហ្វីលីពីន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner