ក្រុងកែប នៃខេត្តកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ាន លើក ទី៤ ឆ្នាំ២០២៤-២០២៦
ភ្នំពេញ៖ ក្រុងកែបនៃខេត្តកែបរបស់កម្ពុជា ទទួលបានជ័យលាភីទីក្រុង ស្អាត អាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦។ ពិធីប្រកាសជ័យលាភីនេះធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅកាលពីរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

ក្រសួងទេសចរណ៍បានឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៤ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយ គុណភាព និងការ ទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយ មានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍ មកពី ប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូច ជាប្រទេសនិងអង្គការដៃគូមួយចំនួន។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានឱ្យដឹងថា លទ្ធផលនេះ កើត ចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់រូប អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ ទូទាំងខេត្តកែប ដែលនេះជាមោទនភាពសម្រាប់ខេត្តកែប និង ព្រះរាជាណាចក្រកម្ពុជាទាំងមូល ក្រោមការដឹកនាំរបស់សម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

ជាមួយនឹងភាពជោគជ័យដ៏ត្រចះត្រចង់នេះដែរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ក៏បានចូលរួមអរអរសាទរ ចំពោះការ ទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះដែរ៕
ដោយ៖ម៉ាដេប៉ូ


