ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតនៃវិទ្យាស្ថានក្រុងអង្គរ

កំពង់ធំ៖ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមកក្នុងពិធីប្រគល់សញ្ញាបត្រ ជូន និស្សិត កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន ៣.២៧៩នាក់ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅសាល ប្រជុំអគារ ឡូវ គីមសេង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ណាត ប៊ុនរឿន បាន បញ្ជាក់ថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ធនធាន មនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតី សហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកលើក កម្ពស់ការអភិវឌ្ឍឧស្សាហកម្ម ដែលជួយបង្កើនកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ទ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព។

ឯកឧត្តមបន្តថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ គឺជា មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខ ដុមរមនា របស់ប្រជាជន ដែលយើងត្រូវការពារឱ្យបានគត់ម៉ត់។

 លោក កើត រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានក្រុងអង្គរ បានឱ្យ ដឹងថា   វិទ្យាស្ថានក្រុងអង្គរគឺគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលមានទីតាំងចំនួនពីរកន្លែងគឺនៅខេត្តកំពង់ធំ និងនៅខេត្តព្រៃវែង។ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ វិទ្យាស្ថាន មានក្រុម ប្រឹក្សា ភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុបចំនួន១២៨នាក់ (ស្រី២១នាក់) និងនិស្សិតកំពុង សិក្សា ចំនួន ១.៧៧០នាក់ (ស្រី៨០៩នាក់) ។ កន្លងមក និស្សិតបានបញ្ចប់ការសិក្សា គិតទាំង និស្សិត ជ័យលាភីនេះផង សរុប ចំនួន ៩ ៨៥០នាក់ (ស្រី២៨៦១នាក់ )។យោងតាមការធ្វើអង្កេតបានបង្ហាញថានិស្សិតចំនួន ៣.២៧៩នាក់នេះ អ្នកមានការងារ ធ្វើចំនួន៣.១១៥នាក់ ស្មើនឹង៨៥,០០ភាគរយការ ប្រឡង បានចំនួន៤លើកនិង៥លើក៕
ដោយ៖ប៊ុន រដ្ឋា

ads banner