បង្ក្រាបករណីជួញដូរថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យពីរនាក់ និងថ្នាំញៀន៥កញ្ចប់ធំ
ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីជាមុខសញ្ញាចាស់ជួញដូរគ្រឿង ទើបចេញពីពន្ធនាគារ មិនរាងចាល មកវិញបន្តលក់គ្រឿងញៀនដដែល ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ លោក មន វុធី អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀន ក្រោយពីស្រាវជ្រាវឈានដល់បើកប្រតិបត្តិការ បង្ក្រាបចាប់ជនសង្ស័យពីរនាក់ ដកហូតបានថ្នាំញៀន៥កញ្ចប់ធំ កាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួល ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ពេជ្រ ប៊ុនសេង ហៅម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ដែលទើបចេញពីគុកនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ កមន្លងមកថ្មីៗនេះ បទលក់ថ្នាំញៀន និងឈ្មោះ សុខ ធាវី ភេទស្រី អាយុ៥០ឆ្នាំ ត្រូវជាប្រពន្ធ។ ក្រោយពីចាប់ខ្លួន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ច្បាប់៕ម.ន


