ប្រាក់ចំណូល Apple កើនលើសការរំពឹងទុក តែការលក់នៅចិនធ្លាក់ចុះ

សាន់ ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានរាយការណ៍ពីការលក់កើនឡើងជាលើកដំបូងនៅក្នុងត្រីមាសថ្មីៗនេះ ជាមួយនឹងប្រាក់ចំណូលកើនឡើងបន្តិចកាលពីឆ្នាំមុន ប៉ុន្តែប្រាក់ចំណេញកើនលើសពីការរំពឹងទុក។

ក្រុមហ៊ុន Apple បានកត់ត្រាការលក់មានទឹកប្រាក់ ១១៩.៦ពាន់លានដុល្លារសម្រាប់ត្រីមាសចុងក្រោយបំផុតរបស់ខ្លួន កើនឡើង ២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែការលក់នៅក្នុងទីផ្សារប្រទេសចិនបែរជាបានធ្លាក់ចុះ ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ចំពេលមានការព្រួយបារម្ភអំពីការប្រកួតប្រជែងក្នុងប្រទេស ជាគោលដៅទីផ្សារសំខាន់ៗរបស់ខ្លួន។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថ្ងៃនេះ Apple កំពុងរាយការណ៍ពីកំណើនប្រាក់ចំណូលសម្រាប់ត្រីមាសខែធ្នូ ដែលជំរុញដោយការលក់ទូរស័ព្ទ iPhone និងកំណត់ត្រាប្រាក់ចំណូលនៅក្នុងផ្នែកសេវាកម្ម។ ការលក់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple កើនឡើងដល់ ៦៩.៧ពាន់លានដុល្លារ តួលេខនេះល្អប្រសើរឡើងជាងមុន បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ២០២២។ ប៉ុន្តែការព្រួយបារម្ភជុំវិញទីផ្សារប្រទេសចិន បានធ្វើឲ្យមានការភ្ញាក់ផ្អើល។

ក្រុមហ៊ុន Apple និយាយថា ការលក់សុទ្ធរបស់ខ្លួននៅក្នុងតំបន់ Greater China រួមទាំងចិនដីគោក ហុងកុង និងតៃវ៉ាន់ បានធ្លាក់ចុះកាលពីមួយឆ្នាំមុន មានទឹកប្រាក់ត្រឹម ២០.៨ពាន់លានដុល្លារក្នុងត្រីមាសចុងក្រោយនេះ។ ទិន្នន័យរបស់ Counterpoint Research ដែលជាស្ថាប័នស្រាវជ្រាវដ៏ធំមួយ ពាក់ព័ន្ធទីផ្សារស្មាតហ្វូន បានឱ្យដឹងថា ចំណែកទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Apple បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីចុងឆ្នាំ២០២០ ក្នុងរយៈពេល ៣ខែចុងក្រោយកាលពីឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner