UN អំពាវនាវរកថវិកា ៤ពាន់លានដុល្លារជួយដល់ប្រទេសយេម៉ែន

ឌូបៃ៖ អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន សប្តាហ៍នេះចាប់ផ្តើមការអំពាវនាវស្វែងរកជំនួយរហូតដល់ ៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤ ដើម្បីជួយដល់យេម៉ែន ជាប្រទេសរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម និងជម្លោះជិតមួយទសវត្សរ៍។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការឆ្លើយតបកិច្ចការមនុស្សធម៌ក្នុងឆ្នាំ២០២៤របស់ខ្លួន គឺត្រូវការប្រាក់រហូតដល់ ២.៧ពាន់លានដុល្លារសម្រាប់សេវាការពារ និងជំនួយសង្គ្រោះជីវិត ខណៈ១.៣ពាន់លានដុល្លារទៀត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

អង្គការសហប្រជាជាតិនិយាយថា ការគាំទ្របន្ទាន់គឺជារឿងចាំបាច់ ក្នុងការជួយដល់ជនស៊ីវិលជាង ១៨.២លាននាក់ក្នុងប្រទេសយេម៉ែន ដែលប្រឈមមុខនឹងទុក្ខលំបាកជាទម្ងន់ស្ទើររៀងរាល់ថ្ងៃ អស់រយៈពេលជាង ៩ឆ្នាំ ដោយសារជម្លោះ, ការធ្លាក់ចុះសេដ្ឋកិច្ច, ការប៉ះពាល់ខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសេវាកម្ម ព្រមទាំងការប្រែប្រួលអាកាសធាតុ។

ការិយាល័យ OCHA និយាយថា យេម៉ែនកំពុងជួបប្រទះកង្វះអាហារូបត្ថម្ភខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ហើយស្ថានភាពបច្ចុប្បន្ន នៅតែបន្តកាន់តែអាក្រក់ទៅៗ។ បើតាមការិយាល័យ OCHA មនុស្ស ១៧.៦លាននាក់ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនូវអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរក្នុងឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ថា យេមែនដែលជាប្រទេសក្រីក្របំផុតជាងគេនៅឧបទ្វីបអារ៉ាប់ បានធ្លាក់ជ្រៅទៅក្នុងជម្លោះ ចាប់តាំងពីក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់ជាខ្នងបង្អែក វាយលុករដ្ឋធានីសាណា នៅឆ្នាំ២០១៤ ធ្វើឱ្យមានការអន្តរាគមន៍យោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដើម្បីគាំទ្ររដ្ឋាភិបាលនៅឆ្នាំបន្ទាប់។ មនុស្សរាប់សែននាក់បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នានេះ ឬពីមូលហេតុដោយប្រយោល ដូចជាកង្វះស្បៀងអាហារ ជាអ្វីដែលអង្គការសហប្រជាជាតិហៅថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner