លោក បៃដិន បញ្ជាវាយប្រហារសងសឹកលើគោលដៅចំនួន ៨៥ មានទំនាក់ទំនងជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ យោធាអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាស សងសឹកប្រឆាំងនឹងកងកម្លាំងអ៊ីរ៉ង់ និងក្រុមជីវពលដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ ទាំងនៅអ៊ីរ៉ាក់ និងស៊ីរី ក្នុងថ្ងៃសុក្រសប្តាហ៍នេះ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឆ្លើយតបរបស់យើងបានចាប់ផ្តើមហើយនៅថ្ងៃនេះ… វានឹងបន្តទៅតាមពេលវេលា និងទីកន្លែងដែលយើងជ្រើសរើស។

លោក បៃដិន បន្ថែមថា សហរដ្ឋអាមេរិកមិនស្វែងរកការបង្កជម្លោះនៅមជ្ឈិមបូព៌ា ឬកន្លែងណាផ្សេងទៀតក្នុងពិភពលោកនោះទេ ប៉ុន្តែសូមឱ្យអស់អ្នកដែលចង់ធ្វើបង្កបញ្ហាជាមួយយើងដឹងរឿងនេះថា បើសិនអ្នកធ្វើបាបជនជាតិអាមេរិក នោះយើងនឹងសងសឹកវិញ។

ប្រតិបត្តិការនេះ វាយប្រហារលើគោលដៅជាច្រើន មានដូចជាមជ្ឈមណ្ឌលបញ្ជាការ ឃ្លាំងរ៉ុក្តែត មីស៊ីល និងយន្តហោះដ្រូន ក៏ដូចជាទីតាំងដឹកជញ្ជូន និងបណ្តាញផ្គត់ផ្គង់គ្រាប់បែក ទាំងនៅអ៊ីរ៉ាក់ និងស៊ីរី ដែលជាកម្មសិទ្ធិរបស់កងជីវពល និងកងកម្លាំងអ៊ីរ៉ង់ ដែលជួយសម្របសម្រួលការវាយប្រហារប្រឆាំងនឹងអាមេរិក និងកងកម្លាំងចម្រុះ។

នេះជាដំណាក់កាលដំបូង នៃប្រតិបត្តិការសងសឹករបស់អាមេរិក ដើម្បីឆ្លើយតបនឹងការវាយប្រហារកាលពីចុងសប្តាហ៍មុន ដែលយន្តហោះដ្រូនរបស់អ៊ីរ៉ង់ បាញ់សម្លាប់ទាហានអាមេរិក ៣នាក់ និងរបួសជាង ៤០នាក់ នៅមូលដ្ឋានទ័ព Tower 22 ក្នុងប្រទេសហ្ស៊កដានី។

ការវាយប្រហារសងសឹកនេះទៀតសោត កំពុងបង្កការព្រួយបារម្ភថា នឹងបង្កើនភាពតានតឹងកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលអូសបន្លាយពេលជាង៣ខែមកហើយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner