កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តទាំងស្រុងលើ លើគម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន ៤ គម្រោង សរុបអានុភាព ១៤០ មេហ្គាវ៉ាត់ដើម្បីផលិកអគ្គិសនីលក់ឲ្យអគ្គិសនីកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមទំព័រហ្វេសប៊ុករបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន នៅថ្ងៃ១២កក្កដានេះ បានឲ្យដឹងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើ
“សំណើសុំការពិនិត្យ សម្រេចលើគម្រោង វិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន ៤ គម្រោង សរុបអានុភាព ១៤០ មេហ្គាវ៉ាត់ដើម្បីផលិកអគ្គិសនីលក់ឲ្យអគ្គិសនីកម្ពុជា”។

គម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ចំនួន៤ គម្រោងបន្ថែមទៀតដែលជាគម្រោងត្រូវធ្វើការអភិវឌ្ឍ និងដាក់ឲ្យដំណើរការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់ជួយដល់ស្ថានភាពផ្គត់ផ្គង់អគ្គិសនីនៅក្នុងឆ្នាំ២០២០ និង ២០២១ ។

ដើម្បីឲ្យការអនុវត្តទៅប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវ ក្រសួងរ៉ែ និងថាមពល បានរៀបចំការសិក្សាផែនការមេអភិវឌ្ឍន៍វិស័យអគ្គិសនីឡើងវិញ ចំនួន ២ គឺ៖

ទី១ ការសិក្សាផែនការមេបន្ទាន់សម្រាប់រយៈពេលមធ្យម (២០២០ ដល់ ២០៣០) ដែលបច្ចុប្បន្នកំពុងតែសិក្សាដោយក្រុមហ៊ុនទីប្រឹក្សាឈោ្មះ Chugoku Electric Power Co., lnc មកពីប្រទេសជប៉ុន ក្នុងក្របខណ្ឌនៃថវិការបស់អគ្គិសនីកម្ពុជា។

ទី២ ការសិក្សាផែនការមេរយៈពេលវែង (២០២០ ដល់ ២០៤០) ដែលគ្រោងចាប់ផ្តើមនៅខែកកដ្កា ឆ្នាំ២០១៩ ដោយក្រុមហ៊ុនទីប្រឹក្សាឈ្មោះ Intelligent Energy System Pty, Ltd. (IES) មកពីប្រទេសអូស្រ្តាលី ក្នុងក្រខណ្ឌជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ។

ប៉ុន្តែក្នុងសភាពការណ៍បន្ទាន់នោះ អ្វីដែលត្រូវគិតគូរមុនដើម្បីចៀសវាងអភិវឌ្ឍន៍មិនទាន់ពេលវេលា គឺការដោះស្រាយរកប្រភពអគ្គិសនីបន្ថែមឲ្យបានគ្រប់គ្រាន់សម្រាប់ឆ្នាំក្រោយ និងឆ្នាំបន្ទាប់មួយទៀត (២០២០ និង ២០២១) និងការរៀបចំទុកជាមុននូវគម្រោងដែលត្រូវដាក់ឲ្យដាក់ឲ្យដំណើរការក្នុងរយៈបួនទៅប្រាំឆ្នាំទៅមុខ ។

ចំពោះដំណើរការនៃការអភិវឌ្ឍគម្រោងទាំង៤ នោះ តាមការសិក្សា ដើម្បីឲ្យមានប្រសិទ្ធភាពត្រូវបានគ្រោងដាក់ពង្រាយទៅតាមទីតាំងនៃបន្ទុកប្រើប្រាស់អគ្គិសនី គឺគម្រោងទី១ នៅខេត្តពោធិ៍សាត់៣០មេហ្កាវ៉ាត់ គម្រោងទី២ នៅខេត្តបាត់ដំបង៦០មេហ្កាវ៉ាត់ គម្រោងទី៣ នៅខេត្តបន្ទាយមានជ័យ ៣០ មេហ្កាវ៉ាត់ និងគម្រោងទី៤ នៅបាវិត ខេត្តស្វាយរៀង២០មេហ្កាវ៉ាត់ ។ 

ផលប្រយោជន៍នៃការអភិវឌ្ឃគម្រោងទាំង ៤ ត្រូវអគ្គិសនីកម្ពុជា បានលើកឡើងថា តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការវិនិយោគគម្រោងនេះមានផលប្រយោជន៍ ចំពោះព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់។

ផ្តល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គ្រប់កង្វះខាតផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង ។ នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងពេលសាងសង់ និងដំណើរការ ។  លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធប្រមាណ១លាន៨សែន៦ពាន់៩ ៦៦៧ ដុល្លារអាម៉េរិកក្នុង ១ឆ្នាំជាមធ្យមក្នុងរយៈពេល២១ ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដ៏ទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដ៏ទៃទៀតត្រូវបង់នៅឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner