សហរដ្ឋអាមេរិក និងអង់គ្លេស វាយប្រហារលើកទី៣ លើគោលដៅក្រុមហ៊ូទីនៅយេមែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអង់គ្លេសបានបើកការវាយប្រហារលើគោលដៅរាប់សិបទីតាំងក្នុងប្រទេសយេម៉ែន នៅថ្ងៃសៅរ៍សប្តាហ៍នេះ ជាការឆ្លើយតបទៅនឹងការវាយប្រហារម្តងហើយម្តងទៀត លើការដឹកជញ្ជូនដោយក្រុមឧទ្ទាមហ៊ូទី មានអ៊ីរ៉ង់ជាខ្នងបង្អែក ដែលបានរំខានដល់ការធ្វើពាណិជ្ជកម្មពិភពលោក និងហានិភ័យប៉ះពាល់ដល់អាយុជីវិតមនុស្ស។

នេះជាលើកទី៣ហើយ ដែលកងកម្លាំងអង់គ្លេស និងអាមេរិករួមដៃគ្នាវាយលុកតម្រង់ទៅលើក្រុមហ៊ូទី។ ការវាយប្រហារចុងក្រោយបំផុតនេះ បានវាយប្រហារលើគោលដៅក្រុមហ៊ូទីចំនួន ៣៦ នៅទូទាំង ១៣ទីតាំងក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបការបន្តវាយប្រហាររបស់ក្រុមនេះ ប្រឆាំងនឹងការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនអន្តរជាតិ ព្រមទាំងនាវាកងទ័ពជើងទឹកដែលឆ្លងកាត់សមុទ្រក្រហម។

នេះបើតាមសេចក្តីថ្លែងការណ៍របស់អាមេរិក អង់គ្លេស និងប្រទេសដទៃទៀតដែលផ្តល់ការគាំទ្រសម្រាប់ប្រតិបត្តិការនេះ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន និយាយថា ការវាយប្រហារនេះ មានគោលបំណងទប់ស្កាត់ និងបន្ថយកម្លាំងកងជីវពលហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក ពីការវាយប្រហារដោយមិនប្រុងប្រយ័ត្ន និងអស្ថិរភាពរបស់ក្រុមនេះ។

ប្រមុខការពារជាតិអាមេរិករូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងចម្រុះបានកំណត់គោលដៅលើទីតាំងចំនួន ១៣ ប្រើប្រាស់ធ្វើជាកន្លែងផ្ទុកអាវុធរបស់ក្រុមហ៊ូទី ប្រព័ន្ធមីស៊ីល និងឧបករណ៍បាញ់បង្ហោះមីស៊ីល ប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធរ៉ាដា។

គួរបញ្ជាក់ថា ការវាយឆ្មក់តាមផ្លូវអាកាសរួមគ្នារវាងអាមេរិក និងអង់គ្លេសនៅប្រទេសយេម៉ែនខាងលើ កើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបើកការវាយប្រហារឯកតោភាគី ប្រឆាំងនឹងគោលដៅមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីសងសឹកនឹងការវាយប្រហារដោយយន្តហោះដ្រូនសម្លាប់ទាហានអាមេរិក ៣នាក់នៅប្រទេសហ្ស៊កដានី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner