យុវជន ៣រូបក្នុងចំណោម ១០៥រូប ប្រជែងបានជ័យលាភីពីកម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី៤
(ភ្នំពេញ)៖ យុវជន ៣រូបក្នុងចំណោម ១០៥រូប ប្រជែងបានជ័យលាភីពីកម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី៤ ។ ការប្រកាសលទ្ធផលនេះបានធ្វើឡើងនារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែលមជ្ឈមណ្ឌលកម្ពុជា ៤.0 សហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានរៀបចំ កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី ៤ ក្រោមវត្តមានឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន បានលើកឡើងថា កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ គឺជាកម្មវិធីដែលអនុញ្ញាតឱ្យយុវជនអាចធ្វើលំហាត់ការគិត និងចែករំលែកទស្សនៈលើប្រធានបទទាក់ទងនឹងនវានុវត្តន៍, ការវិវត្តនៃបច្ចេកវិទ្យា, ការរួមចំណែករបស់បច្ចេកវិទ្យានៅក្នុងវិស័យសេដ្ឋកិច្ច សង្គម និងការត្រៀមខ្លួនរបស់យុវជននៅក្នុងយុគសម័យឌីជីថល។

ឯកឧត្តម បានបន្តថា សម្រាប់រដូវកាលនេះ កម្មវិធីប្រកួតប្រជែងផ្តោតលើប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាព» ដោយតម្រូវឱ្យបេក្ខជនចូលរួមធ្វើការសិក្សាស្រាវជ្រាវ និងចែករំលែកគំនិតលើសារៈប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់ប្រជាជន។

សូមជម្រាបថា បន្ទាប់ពីបើកទទួលពាក្យស្នើសុំ រយៈពេល ២សប្តាហ៍ កម្មវិធីទទួលបានបេក្ខជនចូលរួមចំនួន ១០៥រូប មកធ្វើបទបង្ហាញ ក្នុងនោះក្រុមការងារ បានសម្រាំងយកបេក្ខជនឆ្នើមចំនួន ១០រូប ដើម្បីធ្វើបទបង្ហាញជាសាធារណៈនៅវគ្គផ្តាច់ព្រ័ត្រជូនគណៈកម្មការ ៤រូប រួមមាន៖ ធម្មទានាចារ្យ ស៊ាង លាប អ្នកចិត្តសាស្រ្ត និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការចិត្តសង្គមអន្តរវប្បធម៌, លោក អ៊ុ វ័ណថារិទ្ធ អ្នកជំនាញអភិវឌ្ឍធុរកិច្ចថ្មីជាន់ខ្ពស់នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”, លោក លឹម តូនី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងកញ្ញា ថូ ម៉ូនីហ្សា អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

ក្រោយពីការវាយតម្លៃដាក់ពិន្ទុនៅក្នុងវគ្គផ្តាច់ព្រ័ត្រ គណៈកម្មការបានសម្រេចផ្តល់ជ័យលាភីដល់បេក្ខជនដែលទទួលបានពិន្ទុខ្ពស់ជាងគេដល់កញ្ញា នន្ទ កន្យានុត ជ័យលាភីលេខ ១ ទទួលបានពានរង្វាន់ មេដាយ និងទឹកប្រាក់រង្វាន់ចំនួន ១,៨ លានរៀល, កញ្ញា កេត មរកត ជ័យលាភីលេខ២ ទទួលបានមេដាយ និងទឹកប្រាក់រង្វាន់ចំនួន ១,៤ លានរៀល និង លោក សារិន សមរៈ ជ័យលាភីលេខ៣ ទទួលបានមេដាយ និងទឹកប្រាក់រង្វាន់ចំនួន ១ លានរៀល ។ ទន្ទឹមនឹងនេះ កម្មវិធីក៏មានជាការប្រគល់លិខិតសរសើរ និងរង្វាន់លើកទឹកចិត្តជូនបេក្ខជនទាំង ៧ រូប ផ្សេងទៀត ដែលមិនទទួលបានជ័យលាភីផងដែរ ។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន បានបន្ថែមថា មជ្ឈមណ្ឌលកម្ពុជា ៤.០ សូមថ្លែងអំណរគុណចំពោះដៃគូសហការ ជាពិសេសបេក្ខជនចូលរួមទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យកម្មវិធីប្រកួតប្រជែងនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពជោគជ័យ ៕
ដោយ ៖ វណ្ណលុក