សកម្មភាពសងសឹករបស់អាមេរិក នៅមជ្ឈិមបូព៌ា មិនអាចបញ្ឈប់ការវាយប្រហាររបស់ក្រុមឧទ្ទាមបានទេ
ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធនេះ បានចេញផ្សាយថា ហូតមកដល់ពេលនេះ សកម្មភាពយោធារបស់សហរដ្ឋអាមេរិកបានបរាជ័យ ក្នុងការបញ្ឈប់ការវាយប្រហាររបស់ក្រុមកងជីវពលដែលគេជឿថា មានអ៊ីរ៉ង់គាំទ្រពីក្រោយ នៅមជ្ឈិមបូព៌ា។ មិនអាចបញ្ឈប់ទាំងការវាយប្រហារលើកងកម្លាំងរបស់អាមេរិក និងវាយប្រហារនាវានៅសមុទ្រក្រហម។ ប៉ុន្តែ សកម្មភាពអាមេរិកអាចដុតកម្តៅសង្គ្រាម កាន់តែធ្ងន់ធ្ងរ ខណៈដែលថ្មីៗនេះ អាមេរិកបន្តសងសឹក ដោយមានការវាយប្រហារតាមអាកាស យ៉ាងក្លាងខ្លា។
AFP បានដកស្រង់សម្តីរបស់ លោក Jon Alterman នាយកកម្មវិធីមជ្ឈិមបូព៌ា ប្រចាំនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិនិងយុទ្ធសាស្ត្រ ហៅកាត់ថា CSIS ជុំវិញរឿងនេះ។ លោក Jon Alterman បាននិយាយថា «ខ្ញុំសង្ស័យថា យើងនឹងមានកម្រិតនៃអំពើហិង្សា នៅតែបន្តកើតមាន បន្ថែមទៀត.. អ៊ីរ៉ង់ និងក្រុមដែលខ្លួនគាំទ្រ មិនចង់ប្រកាសថា ពួកគេចុះចាញ់ទេ» ។
យ៉ាងណាមិញ លោក Jon Alterman គិតថា ចំនួនវាយប្រហាររបស់អាមេរិក អាចនឹងថយចុះ ដោយសារតែអាមេរិកក៏មិនចង់ខាតបង់ កាន់តែខ្លាំងជាងនេះ។
គួរបញ្ជាក់ថា ក្រុមកងជីវពលដែលគេជឿថា ឧបត្ថម្ភដោយអ៊ីរ៉ង់ បានអះអាងថា សម្រាប់ការវាយប្រហារនៅសមុទ្រក្រហម ឬនៅមូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី កន្លងមកនេះ គឺ ពួកគេធ្វើ ដើម្បីឆ្លើយតបនឹងការធ្វើសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយហាម៉ាស់ នៅហ្គាហ្សា។
អាមេរិកបានវាយប្រហារលើគោលដៅជាច្រើនដែលមានទំនាក់ទំនងនឹងអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីសប្តាហ៍មុន ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបានសម្លាប់ទាហានអាមេរិកបីនាក់ នៅក្នុងប្រទេសហ្ស៊កដានី ហើយ បានធ្វើការវាយប្រហាររួមគ្នាជាមួយចក្រភពអង់គ្លេសប្រឆាំងនឹងពួកឧទ្ទាម ហ៊ូធី នៅយេម៉ែន នៅសមុទ្រក្រហម កាលពីចុងសប្តាហ៍។ ប៉ុន្តែ កងកម្លាំងអាមេរិក ក៏ត្រូវបានកំណត់គោលដៅវាយប្រហារតបតវិញ ជាបន្តបន្ទាប់នៅស៊ីរី ខណៈក្រុមឧទ្ទាមបានបើកការវាយប្រហារថ្មីៗ លើនាវារបស់អង់គ្លេស និងអាមេរិក នៅសមុទ្រក្រហមវិញដែរ។
លោក Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណបានអះអាង កាលពីដើមសប្តាហ៍នេះថា អាមេរិកគ្មានចំផែនការសម្រាប់យុទ្ធនាការដ៏យូរអង្វែង នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីទេ ។ លោកថា អាមេរិកគ្រាន់តែធ្វើ ដើម្បីការពារកម្លាំងយោធារបស់ខ្លួន ប្រចាំការនៅតំបន់មជ្ឈិមបូព៌ា តែប៉ុណ្ណោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត