សហព័ន្ធប្រដាល់គុនខ្មែរបកស្រាយពន្យល់មហាជនបន្ទាប់ពីផ្ទុះការរិះគន់ជំនួបរវាងធន រិទ្ធី និង សៃ យុគ
(ភ្នំពេញ)៖ ក្រោយទទួលរងនូវការរិះគន់ពីសំណាក់អ្នកគាំទ្រដាល់គុនខ្មែរ និងអ្នកវិភាគតាមបណ្តាញសង្គមអំពីការប្រកួតដ៏ក្រើករវាងកីឡាករគុនខ្មែរ ធន់ រិទ្ធី និងអ្នកប្រដាល់ថៃ សៃ យុគ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ជុំវិញការផ្តល់លទ្ធផលស្មើដល់កីឡាករទាំងពីររូបខាងលើនេះ ធ្វើឲ្យមហាជនដែល ជាអ្នកគាំទ្រ គុនខ្មែរមិនពេញចិត្តបានវាយប្រហាពាក្យសំដីធ្ងន់ៗទៅលើកីឡាករធន់ រិទ្ធី និងការរៀបចំកម្មវិធីប្រកួតនោះ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឯកឧត្តម ខូវ ឆាយ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើសន្និសិទសារព័ត៌មានបកស្រាយ ពន្យល់ អំពីលក្ខន្តិកៈនៃច្បាប់ក្នុងការប្រកួត។

ឯកឧត្តម អនុប្រធានសហព័ន្ធ បានពន្យល់ថា ជំនួបរវាង ធន់ រិទ្ធី និង សៃ យុគ អ្នកប្រដាល់ថៃ គឺជាការជួបប្រកួតគ្នាជាលក្ខណៈមិត្តភាពអន្តរជាតិប៉ុណ្ណោះ។ ដូច្នោះលទ្ធផលមាន៣ គឺលទ្ធផលឈ្នះ ចាញ់ និង លទ្ធផលស្មើ ហេតុនេះហើយ ការផ្តល់ពិន្ទុស្មើនេះ គឺសម្រេចលើការដាក់ពិន្ទុរបស់ចៅក្រមអាជ្ញាកណ្តាល។ ឯកឧត្តម អនុប្រធាន ពន្យល់ទៀតថា ជំនួបនេះ កម្មវិធីនៃការរៀបចំបានប្រកាស ហើយថា ជាការប្រកួតមិត្តភាពអន្តរជាតិ ។ លោកថា លក្ខន្តិកៈនៃបទបញ្ជាការប្រកួត ដែលកំណត់ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមានតែ២លក្ខ័ណ្ឌប៉ុណ្ណោះ គឺទី១. ប្រកួតខ្សែក្រវ៉ាត់មានអ្នកការពារ និងអ្នកដណ្តើម ទី២.ប្រកួតក្នុងលក្ខ័ណ្ឌ មិត្តភាព លទ្ធផលមានឈ្នះ ចាញ់ និងលទ្ធផលស្មើ។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា សម្រាប់ការប្រកួតកីឡាករលំដាប់អេ ក្នុងជំនួប ក្រោយៗ ទៀតនោះ សហព័ន្ធនិងពន្យល់ទៅកាន់មហាជន ឲ្យបានយល់អំពី លក្ខ័ណ្ឌ មុននឹងការប្រកួតប្រព្រឹត្តិទៅ ជៀសវាងមានការយល់ច្រឡំដូចពេលនេះ។
ឯកឧត្តម អះអាងថា សម្រាប់ជំនួបធំៗនៅពេលខាងមុខ សហព័ន្ធនឹងធ្វើការរិតបន្តឹង ចំពោះមន្រ្តីបច្ចេកទេស ដើម្បីធ្វើ យ៉ាងណាឲ្យ ការដាក់ ពិន្ទុកាន់ តែសុក្រិតយុត្តិធម៌ ចំពោះកីឡាករ។
គួររំលឹកថា ជំនួបរវាង ធន់ រទ្ធី និង សៃ យុគ កីឡាករថៃ កាលពីថ្ងៃទី៤ កន្លងទៅថ្មីៗនេះ បន្ទាប់ពីចៅក្រមអាជ្ញាកណ្តាលប្រកាសផ្តល់ លទ្ធផល ស្មើដល់កីឡាករទាំងពីរ គឺបានផ្ទុះការរិះគន់យ៉ាងខ្លាំងលើការឲ្យពិន្ទុ របស់ មន្រ្តីចៅក្រមអាជ្ញាកណ្តាល និងពាក្យវាយប្រហាទៅលើកីឡាករធន់ រិទ្ធី ក្នុងនោះក៏មានការវិភាគវាយប្រហារធ្ងន់ផងដែរ៕




រូបភាព ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ