ភរិយានាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នការបោកប្រាស់គណនីក្លែងបន្លំ (Video Inside)
គណនីបណ្តាញសង្គមមួយដែលប្រើឈ្មោះ និងរូបថតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងការអូសទាញការបណ្តាក់ទុន ត្រូវបានគេដំណឹងថា គឺជាគណនីក្លែងក្លាយ ក្នុងបំណងបោកប្រាស់អតិថិជន។ គណនីតេឡេក្រាមនេះ ត្រូវបានគេបង្ហោះជាមួយសារឆ្លើយឆ្លងខ្លះ ដែលនិយាយជឿលង់ លើការបណ្តាក់ទុន ដោយគិតថាជាតេឡេក្រាម របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ក្នុងតេឡេក្រាមក្លែងក្លាយនោះ បានសរសេរល្បួងឱ្យអតិថិជនជឿលើក្រុមហ៊ុនមួយឈ្មោះ Smarts-gains.com/en ដែលគេមិនទាន់ដឹងថាជាក្រុមហ៊ុនរបស់អ្នកណាពិតប្រាកដឡើយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថតបង្ហោះគណនីក្លែងក្លាយនោះ និងបានអំពាវនាវពលរដ្ឋត្រូវប្រុងប្រយ័ត្ន ពីព្រោះវាគឺជាគណនីក្លែងក្លាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរតាមបណ្តាញសង្គមថា «មានជនអនាមិក បានបង្កើតគណនីតេឡេក្រាមក្លែងក្លាយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ»។
សារតាមបណ្តាញសង្គមដដែល បានសរសេរអំពាវនាវទៀតថា «សូមបងប្អួនពូមីង លោកតា លោកយាយ មេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ហើយកុំចាញ់ការបោកប្រាក់ ឬចេតនាអាក្រក់ និងសូមចែករំលែកបន្ត»។
មិនមានសេចក្តីរាយការណ៍ថា តើគណនីក្លែងបន្លំនេះ ត្រូវបានធ្វើនៅក្នុងប្រទេស ឬមកពីក្រៅប្រទេសឡើយ។