អាមេរិកគ្រោងនឹងធ្វើបេសកកម្ម ទៅកាន់ឋានព្រះច័ន្ទ នៅថ្ងៃនៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ!

បរទេស៖ បណ្តាក្រុមហ៊ុនអាមេរិកគ្រោងនឹងបាញ់បង្ហោះយានអវកាស ទៅកាន់ឋានព្រះច័ន្ទ នៅថ្ងៃទី ១៤ ខែកុម្ភៈ ដែលគេដឹងថា ជាថ្ងៃនៃក្តីស្រឡាញ់។

គម្រោងនេះត្រូវបានប្រកាសឡើង នៅក្រោយពេលតិចជាងមួយខែ នៃបេសកកម្មស្រដៀងគ្នានេះ តែមិនទទួលជោគជ័យ ដោយពេលនោះ យានអវកាសត្រូវគេដឹងថា បានឆេះនៅក្នុងបរិយាកាសផែនដី នេះបើតាមទីភ្នាក់ងារអវកាសរបស់អាមេរិក ហៅកាត់ថា NASA កាលពីពេលថ្មីៗនេះ។

NASA បានឲ្យដឹងទៀតថា សម្រាប់ការប៉ុនប៉ងនាពេលខាងមុខនេះ យានចុះចតមានលក្ខណៈពិសេស ដែលបំពាក់ ដោយម៉ាស៊ីនរបស់ក្រុមហ៊ុន Intuitive Machines និងគ្រាប់រ៉ុក្កែត របស់ក្រុមហ៊ុន SpaceX។ ក្រុមហ៊ុន SpaceX កំពុងកំណត់គោលដៅការចាកចេញនៃយានមួយនេះដោយចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា។ យាន Nova-C ត្រូវបានគេរំពឹងថា នឹងចុះចតនៅលើឋានព្រះច័ន្ទ នៅថ្ងៃទី២២ ខែកុម្ភៈ នៅឯរណ្ដៅដី ប៉ះប៉ូលខាងត្បូង តាមច័ន្ទគតិ។

NASA បានចំណាយប្រាក់លើម៉ាស៊ីន Intuitive Machines ជាង ១០០ លានដុល្លារ ដើម្បីដឹកជញ្ជូនសម្ភារៈ hardware វិទ្យាសាស្រ្តរបស់ខ្លួន នៅក្នុងបេសកកម្ម ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយដើម្បីជំរុញសេដ្ឋកិច្ច តាមច័ន្ទគតិ និងផ្ទេរបេសកកម្មដឹកជញ្ជូនតាមទម្លាប់ ទៅឱ្យវិស័យឯកជន។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានតែប្រទេសចំនួន៥ប៉ុណ្ណោះដែលសម្រេចបានការចុះចតតាមច័ន្ទគតិ មានដូចជា សហភាពសូវៀត សហរដ្ឋអាមេរិក ចិន ឥណ្ឌា និងជប៉ុន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner