អ៊ីស្រាអែលទាត់ចោលបទឈប់បាញ់ ដាក់គោលដៅវាយប្រហារបន្ថែម ក្រោយអាមេរិកបដិសេធផ្តល់ជំនួយ
តែល អាវីវ៖ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបដិសេធសំណើសុំឲ្យមានបទឈប់បាញ់ ជាមួយពួកហាម៉ាស់ នៅតំបន់ហ្គាហ្សា។ ជាការបដិសេធ ក្រោយពេលដែលស្ថាប័ននីតិបញ្ញត្តិរបស់អាមេរិក ទើបបានបដិសេធ មិនអនុម័តកញ្ចប់ជំនួយ សម្រាប់ប្រទេសអ៊ីស្រាអែល។
ជំនួបនេះបានធ្វើឡើង នៅក្នុងរដ្ឋធានី តែល អាវីវ របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ ពោលគឺស្របពេលដែលលោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បំពេញទស្សកិច្ចនៅតំបន់មជ្ឈិម ដោយដាក់ក្តីសង្ឃឹមថា នឹងនាំឲ្យមានបទឈប់បាញ់ ជាថ្នូរ នឹងការដោះលែងចំណាប់ខ្មាំង ត្បិតអី ហាម៉ាស់ ទើបបានផ្តល់តម្រុយថា ខ្លួនព្រមចរចាឲ្យមានបទឈប់បាញ់ ដោយមានប្រទេសកាតា ជាអ្នកសម្រួបសម្រួល ហើយ លោក Blinken គិតថា យកដំណឹងល្អនេះ មកជជែកជាមួយ អ៊ីស្រាអែល។
យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានច្រានចោលសំណើនេះ។ លោក Benjamin Netanyahu ក៏បានប្តេជ្ញាថា នឹងធ្វើសកម្មភាពយោធា នៅតំបន់រ៉ាហ្វាដ (Rafah) ដែលជាច្រកដឹកជញ្ជូនស្បៀងដ៏សំខាន់ ទៅក្នុងតំបន់ហ្គាហ្សា តាមរយៈប្រទេសអេហ្ស៊ីប ទៀតផង។
ការទាត់ចោលនេះ ក៏ត្រូវបានធ្វើឡើង ក្រោយពេល១ថ្ងៃ ដែលសភាអាមេរិក ទើបតែទាត់ចោលកញ្ចប់ថវិកា ១៧.៦ពាន់លានដុល្លារ ដែលប៉ុនប៉ងយកមកជួយដល់ប្រទេសអ៊ីស្រាអែល។
យ៉ាងណាមិញ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា កិច្ចព្រមព្រៀងរំដោះចំណាប់ខ្មាំងនៅសេសសល់ ចេញពីតំបន់ហ្គាហ្សា នៅតែអាចកើតមាន ហើយលោកបានអំពាវនាវឲ្យមានការការពារជនស៊ីវិលស្លូតត្រង់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត