ប្រជាជនប៉ាគីស្ថានរាប់លាននាក់ចេញទៅបោះឆ្នោតសភា ខណៈប្រព័ន្ធទូរស័ព្ទត្រូវបានបិទ

អ៊ីស្លាម៉ាបាត៖ ក្រសួងមហាផ្ទៃនៃប្រទេសប៉ាគីស្ថានបានសម្រេចផ្អាកសេវាទូរស័ព្ទ សម្រាប់ថ្ងៃបោះឆ្នោតថ្នាក់ជាតិ កាលពីថ្ងៃព្រហស្បតិ៍។ ជាការផ្អាក ដោយលើកហេតុផលថា ដើម្បីរក្សាស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍ថា ប្រទេសប៉ាគីស្ថានបានផ្អាកសេវាទូរស័ព្ទចល័តទូទាំងប្រទេស សម្រាប់ថ្ងៃបោះឆ្នោត ៨ ខែកុម្ភៈ ដោយបានលើកឡើងថា គោលបំណងនៃការផ្អាកនេះគឺជាតម្រូវការដើម្បី ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងធានាថា ច្បាប់ត្រូវតែអនុវត្ត ដែលមានន័យថា ប៉ូលីស ឬកងទ័ពត្រូវបានដាក់ពង្រាយ។

អ្នកនាំពាក្យបាននិយាយទៀតថា «ជីវិតដ៏មានតម្លៃត្រូវបានបាត់បង់» នៅក្នុងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ នាពេលថ្មីៗនេះ នៅក្នុងប្រទេសប៉ាគីស្ថាន ហើយ «វិធានការសន្តិសុខគឺចាំបាច់ ដើម្បីរក្សាស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់ និងដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែង ដែលអាចកើតមាន»។

គួររម្លឹកថា យ៉ាងហោចណាស់មនុស្ស ២៨ នាក់ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកពីរដង នៅភាគនិរតីប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ដោយពួករដ្ឋឥស្លាមបានប្រកាសថា ជាស្នាដៃរបស់ពួកគេ។

សម្រាប់ការបោះឆ្នោតជាតិរបស់ប៉ាគីស្ថាន មានការិយាល័យបោះឆ្នោតចំនួន ៩ម៉ឺនកន្លែងត្រូវ ខណៈដែលមនុស្សប្រហែល ១២៨ លាននាក់មានសិទ្ធិបោះឆ្នោត យោងតាមបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ។

គួរបញ្ជាក់ថា ប៉ាគីស្ថានបានរៀបចំការបោះឆ្នោត ក្នុងពេលដែឡអ្នកនយោបាយដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសមួយនេះ គឺលោក Imran Khan ដែលជាអតីតនាយករដ្ឋមន្ត្រីកំពុងជាប់គុក ពុំមានសិទ្ធិឈរឈ្មោះ ហើយបេក្ខជនដែលគាំទ្រដោយយោធា គឺលោក Nawaz Sharif ជឿជាក់ខ្លាំង លើជ័យជំនះ។


បេក្ខជនជិត ១៨០០០ នាក់កំពុងឈរឈ្មោះ សម្រាប់អាសនៈ ក្នុងសភាជាតិ និងខេត្តចំនួនបួន ដែលមាន ២៦៦ អាសនៈបានប្រកួតប្រជែង ហើយក៏មានបម្រុងទុក ៧០អាសនៈ បន្ថែមសម្រាប់ស្ត្រី និងជនជាតិភាគតិច និង ៧៤៩អសនៈ នៅក្នុងសភាតំបន់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner