ក្មេងស្រីម្នាក់នៅមានជីវិត បន្ទាប់ពីជាប់គាំងជិត៦០ម៉ោង អំឡុងការបាក់ដី នៅហ្វីលីពីន
ម៉ានីល៖ ក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះ នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានជាប់គាំង ជិត៦០ម៉ោង ក្នុងហេតុការណ៍បាក់ដី ប្រទេសហ្វីលីពីន។ ចំនួនមនុស្សស្លាប់បានកើនដល់ ១១នាក់ ខណៈដែលជាង១០០នាក់ទៀត នៅបាត់ខ្លួននៅឡើយ ដោយសារតែគ្រោះមហន្តរាយការណ៍នេះ។
គួររម្លឹកថា ហេតុការណ៍បាក់ដីនេះបានកើតឡើង នៅភូនមិជីករ៉ែមាសមួយកន្លែង នាខាគខាងត្បូង ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។ គេបានដឹងថា ហេតុការណ៍នេះបានកើតឡើង ចំពេលមានភ្លៀងធ្លាក់ខ្លាំងក្លា។
មន្ត្រី ទីភ្នាក់ងារគ្រោះមហន្តរាយ នៃខេត្ត Davao de Oro ឈ្មោះ Edward Macapili បានប្រាប់ AFP ថា ក្មេងស្រីរូបនេះត្រូវបានគេរកឃើញ ដោយក្រុមអ្នករុករក ប្រើប្រាស់ដៃទទេ និងប៉ែលជីក ស្ថិតនៅក្នុងភូមិ Masara នៅលើកោះ Mindanao ភាគខាងត្បូង។ មន្ត្រីរូបនេះបញ្ជាក់ថា នេះគឺជាអព្ភូតហេតុមួយ ព្រោះ ជាធម្មតា ភាពធន់របស់កុមារ គឺតិចជាងមនុស្សពេញវ័យ ។ យ៉ាងណាមិញ គេមិនបានបង្ហាញពីអាយុរបស់ក្មេង រូបនេះទេ ។
គួររម្លឹកថា ការបាក់ដីនេះបានបំផ្លាញផ្ទះសម្បែង ឡានក្រុង និងរថយន្ត ដែលកំពុងរង់ចាំទទួលកម្មករ ពីអណ្តូងរ៉ែមាស។ ក្រុមអ្នកស្វែងរកបានប្រណាំងប្រជែងនឹងពេលវេលា និងអាកាសធាតុ ដើម្បីស្វែងរកអ្នកបាត់ខ្លួនផ្សេងទៀតដែលកំពុងជាប់ក្នុងភក់ដ៏ក្រាស់ ខណៈដែលភ្លៀងបានធ្លាក់មកលើតំបន់នោះ ថែមទៀត រហូតដល់ព្រឹកថ្ងៃសុក្រនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត