សារព័ត៌មាន ថៃរ៉ាត់ ចុះផ្សាយជំនួបរវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា ធិការ ក្រសួងកសិកម្ម ជាមួយក្រុមអ្នកកាសែតជាន់ខ្ពស់ ថៃ នៅទីក្រុងបាងកក
(ភ្នំពេញ)៖ សារព័ត៌មានដ៏មានឈ្មោះរបស់ថៃ មួយមានឈ្មោះថៃរ៉ាត( Thirath)បានចុះផ្សាយអំពី ជំនួបរវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម ជាមួយក្រុមអ្នកកាសែតជាន់ខ្ពស់ថៃ នៅទីក្រុងបាងកក។
យោងតាមប្រភពពីកាសែតមួយនេះដែលបានចុះផ្សាយដោយសរសេរថា កម្ពុជារីករាយ ក្នុងការដើរតួនាទីកសាងទំនាក់ទំនងអន្តរជាតិ។ វាជាការងារដែលបានក្លាយ ជាបាវចនាផ្ទាល់ខ្លួនរួចហើយ សម្រាប់ប្រទេសកម្ពុជា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។
សារព័ត៌មានដដែលនេះបានសរសេរទៀតថា “លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម ជាក្រុមការងារប្រកបដោយគុណភាពរបស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា បានអញ្ជើញធ្វើបេសកកម្មក្រៅផ្លូវការ នៅប្រទេសថៃ កាលពីថ្ងៃ២០-ដល់ ២២ ខែមករា ឆ្នាំ២០២៤”។

គួរបញ្ជាក់ថាក្នុងពិធីនេះលោកជំទាវ អ៊ឹម រចនា បានជួបជាមួយបណ្ណាធិការ អ្នកកាសែតជាន់ខ្ពស់ និងបុគ្គលសំខាន់ៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃជាង ៣០រូប នៅក្នុងវគ្គសិក្សាអំពីយុទ្ធសាស្ត្រគ្រប់គ្រងសារព័ត៌មាន Advanced Mass Media Strategic Management Course (BYSS) ជំនាន់ទៅ៣។ នៅក្នុងជំនួបនេះ លោកជំទាវអ្នកនាំពាក្យក្រសួងកសិកម្មកម្ពុជា បានផ្សព្វផ្សាយផលិតផលកសិកម្មសក្ដានុពលរបស់កម្ពុជា ដែលកំពុងមានដាក់លក់នៅហាង 7-Eleven ក្នុងប្រទេសកម្ពុជា និងផ្សព្វផ្សាយពីគោលនយោបាយអាទិភាពទី៥ និងទី៦ ស្ដីពីវិស័យកសិកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។
សារព័ត៌មានខាងលើនេះបានសរសេរដោយបញ្ជាក់ប្រាប់ដែរថា៖នៅក្នុងដំណើរបេសសកម្មនេះ លោកជំទាវ អ៊ឹម រចនា បានជួបពិភាក្សាការងារជាមួយ លោក Chavarong Limpattamapanee ប្រធានក្រុមប្រឹក្សាសារព័ត៌មានជាតិថៃ និងអតីតឧបនាយករដ្ឋមន្ដ្រីថៃ លោក Pinit Jarusombat។ លោក Pinit Jarusombat ក៏បានភ្លក់គ្រាប់ស្វាយចន្ទីខ្មែរ ហើយបានសរសើរពីថាឆ្ងាញ់ និងមានគ្រាប់ធំប្លែក៕


ដោយ៖ម៉ាដេប៉ូ