កូរ៉េខាងជើងគំរាមកម្ទេចកូរ៉េខាងត្បូង បើសិនខ្លួនរងការវាយប្រហារ

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងថ្ងៃសុក្រនេះប្តេជ្ញាថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរក្នុងការកម្ទេចកូរ៉េខាងត្បូងឡើយ ប្រសិនបើប្រទេសខ្លួនរងការវាយប្រហារណាមួយនោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ថា លោក គីម បានសង្កត់ធ្ងន់ថា ប្រសិនបើសត្រូវហ៊ានប្រើកម្លាំងប្រឆាំងនឹងប្រទេសរបស់យើង នោះយើងនឹងសម្រេចចិត្តដ៏ក្លាហានមួយ ដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រ ហើយក៏មិនស្ទាក់ស្ទើរដែរ ក្នុងការប្រើប្រាស់អាវុធដ៏មានអនុភាពបំផុតទាំងអស់ ដើម្បីកម្ទេចប្រទេសរបស់ពួកគេ។

មេដឹកនាំកូរ៉េខាងជើងរូបនេះបានគូសបញ្ជាក់ថា សន្តិភាពមិនមែនជាអ្វីដែលត្រូវសុំ ឬដោះដូរ តាមរយៈការចរចានោះទេ។ ការព្រមានធ្ងន់ៗបែបនេះរបស់លោក គីម ធ្វើឡើងក្នុងឱកាសដែលក្រសួងការពារជាតិកូរ៉េខាងជើង ប្រារព្ធខួបនៃការបង្កើតយោធារបស់ប្រទេសខ្លួន។

ទំនាក់ទំនងរវាងប្រទេសបងប្អូនកូរ៉េទាំងពីរ បានធ្លាក់ចុះដល់កម្រិតទាបបំផុតថ្មីមួយ បន្ទាប់ពីកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ នៅឆ្នាំនេះបានប្រកាសចាត់ទុកកូរ៉េខាងត្បូងជា “សត្រូវចម្បង” ហើយថែមទាំងបានគំរាមធ្វើសង្រ្គាម បើសិនមានការរំលោភទឹកដីប្រទេសខ្លួន សូម្បីតែ ០.០០០១មីលីម៉ែត្រ។

ដោយឡែក ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ុល ក៏បាននិយាយកាលពីសប្តាហ៍មុនដែរថា កូរ៉េខាងជើងអាចនឹងអនុវត្តការបង្កហេតុជាច្រើន ក្នុងនោះមានដូចជាការវាយប្រហារតាមអ៊ីនធឺណិត និងការឈ្លានពានដោយប្រើយន្តហោះដ្រូនជាដើម នៅមុនការបោះឆ្នោតសភាកូរ៉េខាងត្បូង នៅខែមេសាខាងមុខនេះ។

ចំណែកកាលពីខែមករាដើមឆ្នាំនេះ ប្រមុខការពារជាតិកូរ៉េខាងត្បូងក៏បានអះអាងដែរថា កូរ៉េខាងជើងនឹងប្រឈមមុខនូវការបញ្ចប់របបដឹកនាំរបស់ខ្លួន បើសិនខ្លួនហ៊ានបង្កសង្គ្រាមជាមួយកូរ៉េខាងត្បូង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner