លោក ពូទីន ប្រាប់លោកខាងលិចថា រុស្ស៊ីគ្មានថ្ងៃចាញ់សង្គ្រាមនៅអ៊ុយក្រែនទេ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកកាសែតស្តាំនិយមអាមេរិក លោក Tucker Carlson ថា ប្រទេសលោកខាងលិចគួរតែយល់ឱ្យច្បាស់ថា វាជារឿងមិនអាចទៅរួចទេ ដែលចង់យកឈ្នះរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍រយៈពេលពីរម៉ោង ជាមួយអតីតពិធីករទូរទស្សន៍ Fox News រូបនេះ លោក ពូទីន បានថ្លែងការពារការសម្រេចចិត្តរបស់ខ្លួន ក្នុងការឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។ លោក ពូទីន គូសបញ្ជាក់ថា ឥឡូវនេះ ប្រទេសលោកខាងលិចដឹងច្បាស់ហើយថា រុស្ស៊ីនឹងមិនចាញ់សង្គ្រាមអ៊ុយក្រែនឡើយ បើទោះបីជាសហរដ្ឋអាមេរិក អឺរ៉ុប និងអង្គការណាតូសហការគ្នាជួយដល់អ៊ុយក្រែនក៏ដោយ។

លោក ពូទីន បានសង្កត់ធ្ងន់ថា ប្រសិនបើពួកគេចង់បញ្ឈប់ការប្រយុទ្ធ… ពួកគេត្រូវតែឈប់ផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ ការអះអាងបែបនេះរបស់លោក ពូទីន គឺជាការផ្ញើសារមួយទៅកាន់សភាអាមេរិក ស្របពេលដែលគណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងដោយលោក ដូណាល់ ត្រាំ កាន់តែស្ទាក់ស្ទើរ ក្នុងការបន្តគាំទ្រអ៊ុយក្រែនជាមួយការផ្គត់ផ្គង់អាវុធ និងជំនួយយោធាផ្សេងទៀត។

គួរបញ្ជាក់ថា ក្រុមសមាជិកសភាអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានច្រានចោលកញ្ចប់ថវិកាចំនួន ១៧.៦ពាន់លានដុល្លារ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើឡើង ដើម្បីប៉ុនប៉ងយកទៅឲ្យអ៊ីស្រាអែល ដែលកំពុងធ្វើសង្គ្រាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

ការខកខានមិនអនុម័តនេះបានធ្វើឡើង ក៏ចំពេលមានការរិះគន់ចំពោះសេចក្តីព្រាងច្បាប់កញ្ចប់ថវិកាបន្ថែមសម្រាប់បរទេស ដែលរួមមានអ៊ីស្រាអែល និងអ៊ុយក្រែនដែលកំពុងមានសង្គ្រាមជាមួយរុស្ស៊ី៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner