កុមារអាយុ ៩ឆ្នាំម្នាក់ នៅខេត្តក្រចេះ ស្លាប់ដោយសារឆ្លងវីរុស H5N1 (Video Inside)

កុមារអាយុ ៩ឆ្នាំម្នាក់ បានបាត់បង់ជីវិតដោយសារឆ្លងវីរុសផ្តាសាយបក្សី H5N1 កើតឡើងនៅក្នុងខេត្តក្រចេះ។ យោងតាមក្រសួងសុខាភិបាល, ក្មេងប្រុសរងគ្រោះនោះ បានបាត់បង់ជីវិត កាលពីថ្ងៃទី៨កុម្ភៈ ស្ថិតក្នុងភូមិកាប៉ូ១, ឃុំអូរឫស្សី នៃក្រុងក្រចេះ។

ក្រុមគ្រូពេទ្យនិយាយថា កុមារដែលរងនឹងអាការៈគ្រុនក្តៅ ពិបាកដកដង្ហើម ហត់ ក្អក និងសន្លប់ ក្រោយមកបានបាត់បង់ជីវិត។ នៅផ្ទះរបស់កុមាររងគ្រោះ មានសត្វមាន់ងាប់ចំនួន ៥ក្បាល និងទា ៣ក្បាល និងគ្រួសារនោះ បានយកសត្វមាន់ទាទាំងនោះមកធ្វើម្ហូបបរិភោគ។

មិនមានសេចក្តីរាយការណ៍ថា តើមានសមាជិកក្នុងក្រុមគ្រួសារនោះ បានរងនឹងការឆ្លងជម្ងឺនោះដែរឬទេ ក្រោយការទទូលទានសត្វមាន់ និងសត្វទាងាប់រួចមកហើយនោះ។

មន្ត្រីអង្គការសុខភាពពិភពលោកបានថ្លែងថា ជម្ងឺផ្តាសាយបក្សី H5N1 ជាធម្មតាតែងឆ្លងនឹងសត្វបក្សីដូចគ្នា ប៉ុន្តែក៏មានករណីឆ្លងដល់មនុស្សផងដែរ។ នៅក្នុងប្រទេសកម្ពុជារវាងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៤ មានការឆ្លងដល់មនុស្សដោយវីរុសបក្សីនេះ ចំនួន ៥៦ករណី ដែលបណ្តាលឱ្យស្លាប់ចំនួន ៣៧នាក់។

វីរុសបក្សី H5N1 ត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ១៩៩៦ នាភាគខាងត្បូងប្រទេសចិន និងក្នុងហុងកុង។ អង្គការសុខភាពពិភពលោកថ្លែងថា រវាងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២២ មានករណីឆ្លងវីរុសបក្សីនេះ លើខ្លួនមនុស្សចំនួន ៨៦៨ករណី លើប្រទេសចំនួន២១ ក្នុងសកលលោក ក្នុងនោះក៏មានអ្នកស្លាប់សរុប ៤៥៧នាក់ផងដែរ។

ads banner