ផ្ទុះគ្រាប់មីននៅតំបន់ក្បែរព្រំដែន ដាច់ជើងបុរសអាយុ៣៥ឆ្នាំ (Video Inside)

គ្រាប់មីនមួយគ្រាប់បានផ្ទុះ បណ្តាលឱ្យដាច់ជើងបុរសម្នាក់ ដែលកំពុងដើរបេះស្លឹករុក្ខជាតិ នៅក្នុងព្រៃក្បែរតំបន់ព្រំដែនកម្ពុជាថៃ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២៤ នៅភូមិសីលាខ្មែរ, ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈបុរសអាយុ៣៥ឆ្នាំឈ្មោះ វ៉ាន់ កំសត់ បានដើរជាន់គ្រាប់មីន ប្រភេទ K 59 បណ្តាលឱ្យផ្ទុះរងរបួសដាច់ជើងស្តាំ… ចំណែកជើងឆ្វេងបានរបួសរលេះសាច់ សល់តែឆ្អឹងចាប់ពីកំភួនជើងចុះមកក្រោម។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដើម្បីជួយសង្រ្គោះ។

សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជារយៈពេលជិត ៣០ឆ្នាំ បានបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះពាសពេញខេត្តក្នុងប្រទេសកម្ពុជា។ ប៉ុន្តែចាប់តាំងពីកម្ពុជាបានទទួលសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះនាចុងឆ្នាំ១៩៩៨ រួចមក, សកម្មភាពដោះគ្រាប់មីន ត្រូវបានធ្វើជាបន្តបន្ទាប់ និងរាជរដ្ឋាភិបាលបានដាក់ចេញ នូវការរំដោះគ្រាប់មីនឱ្យអស់ចេញពីកម្ពុជារហូតដល់ឆ្នាំ២០២៥។

ads banner