ប្រទេសមជ្ឈិមបូព៌ាចំនួន៤ រម្លឹកឡើងវិញ នូវការទទូចឲ្យទទួលស្គាល់រដ្ឋ «ប៉ាឡេស្ទីន» ចំពេលតានតឹងនៅហ្គាហ្សា
រីយ៉ាដ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ អ្នកការទូតកំពូល ប្រចាំនៅតំបន់មជ្ឈិមបូព៌ាចំនួនបួននាក់ មកពីបួនប្រទេស បានរំលឹកឡើងវិញ នូវការអំពាវនាវឱ្យមានជំហានឈានឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងអំឡុងពេលកិច្ចពិភាក្សា ស្តីពីសង្គ្រាម នៅតំបន់ហ្គាហ្សា ដែល ប្រទេស អារ៉ាប៊ី សាអូឌីត ជាម្ចាស់ផ្ទះ ជាប្រទេសមិនដែរទទួលស្គាល់អ៊ីស្រាអែល។
សារព័ត៌មាន SPA បានចេញផ្សាយកាលពីថ្ងៃសុក្រថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទើបបានបញ្ចប់ដំណើរទស្សនកិច្ច លើកទីប្រាំ ដោះស្រាយវិបត្តិ នៅមជ្ឈិមបូព៌ា ពោលគឺចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។
SPA បានចេញថា ក្នុងកិច្ចបជុំនេះ ពួកគេបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចាត់វិធាន «អនុវត្តដំណោះស្រាយរដ្ឋពីរ» និង«ទទួលស្គាល់រដ្ឋ ប៉ាឡេស្ទីន» ដែលធ្លាប់បានដាក់ចេញកាលពីថ្ងៃ ឆ្នាំ ១៩៦៧ ដោយពេលនោះ ទទួលស្គាល់ថា ហ្សេរុយសាឡឹមខាងកើត គឺជារដ្ឋធានី របស់ខ្លួនប៉ាឡេស្ទីន។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីកាបរទេសអាមេរិក លោក Blinken បានចាកចេញពីតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃសុក្រ ដោយមិនសម្រេចបាន កិច្ចព្រមព្រៀងបទឈប់បាញ់ទេ ពោលគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាកងទ័ព ត្រៀមធ្វើប្រតិបត្តិការវាយប្រហារ នៅក្នុងទីក្រុង Rafah ដែលជាទីក្រុងដ៏សំខាន់ចុងក្រោយ នៅក្នុងតំបន់ Gaza Strip ទៀតនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត