ក្រុមផ្តល់ជំនួយស្បៀងដល់ប្រទេសយេម៉ែនបារម្ភខ្លាំងពីតម្លៃដឹកជញ្ជូន ព្រោះតែវិបត្តិសមុទ្រក្រហម

បរទេស៖ ក្រុមផ្តល់ជំនួយដែលកំពុងធ្វើការនៅប្រទេសយេម៉ែន កំពុងព្រមានអំពីការកើនឡើងថ្លៃដឹកជញ្ជូន និងការពន្យារពេលដឹកជញ្ជូន ដោយសារការវាយប្រហារ នៅសមុទ្រក្រហម ដែលបង្កឡើងដោយក្រុមឧទ្ទាមហ៊ូធី ហើយការណ៍នេះគំរាមកំហែងធ្វើឱ្យកាន់តែធ្ងន់ធ្ងរ ដល់វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយ នៅលើពិភពលោក។

កម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ ហៅកាត់ WFP បានចេញផ្សាយរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយ ថ្មីៗនេះថា មុនពេលមានវិបត្តិសមុទ្រក្រហម ប្រជាជនយេម៉ែនពាក់កណ្តាលទៅហើយដែលត្រូវការជំនួយមនុស្សធម៌ ព្រោះតែជម្លោះប្រដាប់អាវុធ ជាមួយពួកបះបោរហ៊ូធី ដែលបានអូសបន្លាយជាង៤ឆ្នាំមកហើយនោះ។

ថ្មីៗនេះ ការវាយប្រហារលើនាវាពាណិជ្ជកម្មដោយក្រុមហ៊ូធី ពោលគឺចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក បានធ្វើឱ្យកាន់តែស្មុគស្មាញ ដល់ប្រទេសនេះ ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនប្រឈមនឹងការចំណាយខ្ពស់ នៅពេលពួកគេធ្វើដំណើរជុំវិញទ្វីបអាហ្វ្រិកខាងត្បូង ដើម្បីជៀសវាង តាមផ្លូវសមុទ្រក្រហម។ ក្រុមឧទ្ទាមដែលគេជឿថា គាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា យុទ្ធនាការរបស់ពួកគេ ធ្វើឡើងដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស។

កម្មវិធីស្បៀងអាហារពិភពលោកអះអាថា ខ្លួនកំពុងមានអារម្មណ៍រួចជាស្រេចនូវផលប៉ះពាល់នៃការកើនឡើងនេះ ដែលបានឃើញផងដែរ នូវការវាយប្រហារតបត របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ទៅលើគោលដៅយោធារបស់ ក្រុមហ៊ូធី។

របាយការណ៍របស់ទីភ្នាក់ងារមួយនេះបង្ហាញថា ស្ថានភាពសន្តិសុខនៅសមុទ្រក្រហមបន្តកាន់តែយ៉ាប់យ៉ឺនWFP កំពុងប្រឈមមុខនឹងការកើនឡើងថ្លៃដឹកជញ្ជូន ក៏ដូចជា ការពន្យារពេលដឹកជញ្ជូនដែលអាចកើតមាន»។ គេបានបន្តថា ស្ថានភាពសន្តិសុខស្បៀងនឹងកាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលយេម៉ែនពឹងផ្អែកលើការនាំចូល ៩០ ភាគរយនៃតម្រូវការអាហារ របស់ខ្លួន។

ការវាយប្រហារនៅសមុទ្រក្រហម ត្រូវបានគេដឹងថា បានដំឡើងថ្លៃធានារ៉ាប់រង សម្រាប់ក្រុមហ៊ុនដឹកជញ្ជូន ដោយបង្ខំឱ្យនាវាវាងផ្លូវ ដែលជាធម្មតា គ្របដណ្តប់ការដឹកជញ្ជូនប្រហែល១២ ភាគរយនៃពាណិជ្ជកម្មតាមសមុទ្រពិភពលោក មួយនេះ។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថា ចរាចរណ៍សមុទ្រក្រហមបានធ្លាក់ចុះ យ៉ាងហោចណាស់ ៣០ ភាគរយរួចមកហើយ នៅឆ្នាំនេះ ដោយសារការវាយប្រហារទាំងនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner