សម្ដេចក្រឡាហោម សខេង អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

បាត់ដំបងៈ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៤ សម្ដេចក្រឡាហោម សខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥(ភូមិភាគ៤) នៅខេត្តបាត់ដំបង។

ផ្អែកតាមច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់យុទ្ធនាការនៃការឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែកុម្ភៈ ។

ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់បេក្ខជនសមាជិកព្រឹទ្ធសភា និងក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវសហការគ្នាឲ្យបានល្អនិងសកម្មក្នុងការចុះជួបអង្គបោះឆ្នោតនៅតាមក្រុង ស្រុកនីមួយៗ ដើម្បីផ្សព្វផ្សាយពីគោលការណ៍សំខាន់ៗនៃកម្មវិធីនយោបាយរបស់គណបក្សប្រជា ជន កម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ។

សម្ដេចក្រឡាហោម ស ខេង បានរំលឺកដល់បេក្ខជនសមាជិក ព្រឹទ្ធសភា ,ក្រុមការងារគណបក្ស និង អង្គបោះឆ្នោតត្រូវគោរពអនុវត្តនឱ្យបានខ្ជាប់ខ្ជួន នូវច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីបោះឆ្នោត ,ការណែនាំរបស់គ.ជ.ប ,សហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនានា ដើម្បីធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ នៅក្នុងបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាពល្អប្រសើរ។

សម្ដេចក៏បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅទូទាំងខេត្តបាត់ដំបងសូមអញ្ជើញទៅបោះឆ្នោត និងត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់គ្នា ដែលមានលេខរៀងទី១នៅលើសន្លឹកឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ។

តាមរយៈរបាយការណ៍ របស់ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានឱ្យដឹងថាអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើស
តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅទូទាំងខេត្តបាត់ដំបង មានចំនួនសរុប៦៨៤នាក់ ។ក្នុងនោះ អង្គបោះឆ្នោតជាតំណាងរាស្រ្ត ចំនួន៨រូប និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែងមានចំនួន ៦៧៦នាក់៕

     (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)
ads banner