ប្រធានាធិបតីហុងគ្រីលាលែងពីតំណែង បន្ទាប់ពីរឿងអាស្រូវបំពានលើកុមារ
ប៊ុយដាប៉ែស៖ ប្រធានាធិបតីនៃប្រទេសហុងគ្រី បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានកំហឹងបានផ្ទុះឡើង នៅក្នុងប្រទេសអឺរ៉ុបកណ្តាលមួយនេះ ដោយសារតែការសម្រេចចិត្តលើកលែងទោសបុរសម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភបំពានផ្លូវភេទ លើកុមារ។
លោកស្រី Katalin Novak បាននិយាយថា «ខ្ញុំនឹងលាលែងពីតំណែងរបស់ខ្ញុំ» ដោយលោកស្រីទទួលស្គាល់ថា លោកស្រីមាន «កំហុស» ចំពោះរឿងនេះ។
ស្ត្រីវ័យ ៤៦ឆ្នាំរូបនេះ បានបន្ថែមថា «ខ្ញុំសុំទោសចំពោះអ្នកដែលខ្ញុំឈឺចាប់ និងជនរងគ្រោះទាំងអស់ ដែលអាចមានចំណាប់អារម្មណ៍ថា ខ្ញុំមិនបានគាំទ្រពួកគេ»។
គួរបញ្ជាក់ថា លោកស្រី Novak ដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីសម្រាប់គោលនយោបាយគ្រួសារ បានក្លាយជាស្ត្រីដំបូងគេ ដែលកាន់តួនាទីសំខាន់ ជាប្រធានាធិបតី នៅក្នុងខែមីនា ឆ្នាំ២០២២។
ភាពចម្រូងចម្រាសនេះត្រូវបានបង្កឡើង ដោយសារតែមានការលើកលែងទោស ដល់អតីតនាយករង នៃ «ផ្ទះកុមារ» ។ អតីតនាយករងរូបនេះបានជួយបិទបាំង រឿងប្រធានរបស់ខ្លួន ដែលបំពានផ្លូវភេទកុមារ និងក្មេងជំទង់ នៅទីនោះ កាលពីខែមេសា ឆ្នាំ២០២៣។ បន្ទាប់ពីការសម្រេចចិត្តលើកលែងទោស ដែលធ្វើឡើង កាលពីសប្តាហ៍មុននោះ គណបក្សប្រឆាំងបានអំពាវនាវឱ្យលោកស្រី Novak លាលែងពីតំណែង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត