ឯកឧត្តម សាយ សំអាល់៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ជាការបន្តការអភិវឌ្ឍខេត្តនានាជាពិសេសខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ និងធំជាងគេនៅកម្ពុជានាពេលអនាគត

ព្រះសីហនុ ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងក្របខ័ណ្ឌភូមិភាគទី៧ ចំនួន ៥ខេត្ត រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង ព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីលានតេជោ ពយតាមូង ក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ចាត់ទុកថ្ងៃបើកយុទ្ធនាការនេះថាជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។ ឯកឧត្តម បន្ដថាចាប់ពីឆ្នាំ១៩៩១ យើងឯកភាពគ្នារៀបចំកម្ពុជានៅក្នុងប្រព័ន្ធនយោបាយមួយ ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងដើរតាមគន្លងមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតក្នុងរយៈពេល ៥ឆ្នាំម្ដង។ នេះគឺជាគោលការណ៍មួយដ៏ធំសម្រាប់បញ្ចប់សង្គ្រាមនៅកម្ពុជា និងនាំមកនូវឯកភាពជាតិ និងសន្តិភាព ក៏ដូចជាឱកាសស្ដារ និងកសាងប្រទេសជាតិឡើងវិញ។

ឯកឧត្តម ចាត់ទុកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នេះថាជាការបន្តការអភិវឌ្ឍខេត្តនានា ជាពិសេសខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏រឹងមាំ និងធំជាងគេនៅកម្ពុជានាពេលអនាគត។ ឯកឧត្តម សង្ឃឹមថាការបោះឆ្នោតនេះនឹងអាចកាត់បន្ថយ ថែមទាំងលុបបំបាត់នូវចលនាជ្រុលនិយម ហើយស្មារតី និងវប្បធម៌សន្តិភាពនេះនឹងឋិតឋេរជារៀងរហូត។

ទន្ទឹមនេះ ឯកឧត្តមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីកម្ពុជាអាចបន្តដំណើររបស់ខ្លួនទៅមុខទៀតដោយប្រុងប្រយ័ត្ន និងមានឯកភាពជាតិខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងបានបន្តបោះឆ្នោតជូនគណបក្សដើម្បីឱ្យគណបក្សអាចបន្តស្ដារ និងកសាងមាតុភូមិដ៏កម្សត់មួយនេះឱ្យកាន់តែរីកចម្រើនថែមទៀត។

ឯកឧត្តមបន្ដថាក្នុងរយៈពេល៦ខែកន្លងមកនេះ កម្ពុជាបានរៀបចំការបោះឆ្នោតដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្ដោតលើចំណុចអាទិភាពដូចជាមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញឱ្យកម្ពុជាបោះជំហានទៅមុខបន្ថែមទៀត។

សូមបញ្ជាក់ថាការរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាពេលនេះធ្វើឡើងស្របតាមច្បាប់និងប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការគណបក្សគ្រប់រូប គ្រប់ថ្នាក់ គ្រប់ផ្នែកព្រមទាំងសមាជិកសមាជិកាប្រមាណ ៣២០០នាក់ រួមមានរថយន្ត ៦០គ្រឿង ទោចក្រយានយន្ត ១៥០០គ្រឿង និងឧឃោសនសព្ទចំនួន ២៩គ្រឿង៕
ដោយ:គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner