ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្ដល់អនុសាសន៍គន្លឹះលើចក្ខុវិស័យផ្នែកវិនិយោគ នៅវិទ្យាស្ថាន CamEd Business School

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញផ្ដល់អនុសាសន៍គន្លឹះលើចក្ខុវិស័យផ្នែកវិនិយោគ ជូនដល់និស្សិតនៅវិទ្យាស្ថាន CamEd Business School កាលពីចុងសប្ដាហ៍នេះ ដោយមានការចូលរួមពីនិស្សិតជាតិអន្តរជាតិនៅក្នុងវិទ្យាស្ថាន ព្រមទាំងនាយកប្រតិបត្តិ និងនាយកប្រតិបត្តិជាន់ខ្ពស់ មកពីវិស័យផលិតកម្មនិងសេវាកម្មមួយចំនួនផងដែរ ។

នាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសសរស្តម្ភសំខាន់មួយចំនួន ដែលជាតម្រូវការសម្រាប់ជំរុញកំណើនវិនិយោគនៅក្នុងប្រទេស រួមមាន៖ ច្បាប់ និងបទដ្ឋានគតិយុត្ត ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងកត្តាតម្រូវការធនធានមនុស្សផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់វិនិយោគ តាំងពីឆ្នាំ១៩៩៤ ដែលពេលនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានរួមចំណែកចងក្រងច្បាប់វិនិយោគនេះផងដែរ។ ច្បាប់វិនិយោគកម្ពុជាមានភាពបើកចំហរ “Liberal Investment law” ទទួលការវិនិយោគលើគ្រប់វិស័យពីវិនិយោគិនគ្រប់បណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ព្រមទាំងមានការលើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យសក្ដានុពលមួយចំនួនផងដែរ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តយកចិត្តទុកដាក់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់កិច្ចការងារវិនិយោគរបស់វិនិយោគិន សម្រួលការងារភស្ដុភារកម្ម និងដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក។

គម្រោងសំខាន់ៗដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនមានដូចជា៖ គម្រោងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ គម្រោងពង្រីកផ្លូវជាតិសំខាន់ៗតភ្ជាប់កម្ពុជាទៅប្រទេសជិតខាងដូចជាគម្រោងលើកកម្រិតផ្លូវជាតិលេខ៥ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោង គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី និងគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលនឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តប្រឹងប្រែងរៀបចំផែនការយុទ្ធសាស្ត្រនានាសំដៅបង្កើនធនធានមនុស្ស ក្នុងនោះមានជាអាថិ៍ការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅចំនួន ១,៥លាននាក់ជាដើម។ រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការកែប្រែកម្ពុជាពីប្រទេសដែលប្រើប្រាស់កម្លាំងពលកម្ម បន្តក្លាយទៅជាប្រទេសប្រើប្រាស់កម្លាំងពលកម្មកម្រិតទាប រហូតដល់ការប្រើប្រាស់ជំនាញបច្ចេកទេស៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner