ការផ្តល់នូវវគ្គមុខជំនាញមូលដ្ឋានខ្លីៗ ដល់យុវជនយុវនារីក្នុងសហគមន៍ គឺជាគន្លឹះ ដើម្បីតម្រង់ទិសឲ្យចាប់យកជំនាញពិតប្រាកដ នៅថ្ងៃខាងមុខ
បាត់ដំបង:ពិធីប្រគល់វិញ្ញាបនប័ត្រជូនដល់សិក្ខាកាម ដែលបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តបាត់ដំបងបានប្រារព្វធ្វើនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានផ្ទាល់របស់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅនេះក្រោមអធិបតីភាព ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការនិងជាតំណាងឯកឧត្តមឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
តាមរយៈបាយការណ៍ របស់ លោកស្រី អយ ដេវី នាយិកាគ្រប់គ្រងនៅទីនោះនិងលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានឲ្យដឹងថាវគ្គបណ្តុះបណ្តាលនេះបានផ្តល់នូវសារៈសំខាន់ដើម្បីបានបង្កើននូវសមត្ថភាពនិងផ្តល់ឱកាសដល់ក្មួយៗ ជាយុវជន-យុវនារីនិងបងប្អូនប្រជាកសិកររស់នៅតំបន់ជនបទដែលខ្វះនូវចំណេះដឹងនិងមុខជំនាញដើម្បីស្វែងរកការងារបន្ថែមក្រៅពីការងារកសិកម្មរបស់ខ្លួន។
អ្វីដែលផ្តល់សំខាន់ទៀតនោះ គឺដើម្បីបង្កើនប្រភពចំណូលក្នុងគ្រួសារ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនិងក្មួយៗជាយុវជនមានមុខរបរ និងជួយឲ្យជីវភាពរបស់ពួកគាត់ កាន់តែមានភាពល្អប្រសើរ ថែមទៀត។
ថ្លែងក្នុងឱកាសចែកវិញ្ញាបនប័ត្រដល់សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តបាត់ដំបងឯកឧត្តម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ នួន ពេជ្រនិមិត្ត បានលើកឡើងថា៖មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានទីនេះ ពិតជាបានដើរតួនាទិយ៉ាងសំខាន់ ក្នុងការផ្តល់នូវមុខជំនាញបច្ចេកទេសបឋមនិងចំណេះដឹងផ្សេងៗបន្ថែមលើមុខរបរបន្ទាប់បន្សំរបស់ខ្លួន ដើម្បីបង្កើននូវប្រភពចំណូលក្នុងគ្រួសារបានកាន់តែប្រសើរមួយកម្រិតទៀត។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនក៏បានបន្យទៀតថាឦការផ្តល់នូវវគ្គជំនាញមូលដ្ឋានខ្លីៗ ដល់យុវជន យុវនារី ក្នុងសហគមន៍ កន្លងមកនេះ វាគឺជាគន្លឹះ ដើម្បីតម្រង់ទិសឲ្យចាប់យកជំនាញពិតប្រាកដសម្រាប់ពេលខាងមុខ ហើយវាក៏ជាឱកាសផងដែរ ដើម្បីធ្វើឲ្យយុវជនយុវនារីបានចាប់យកមុខជំនាញវិជ្ជាជីវៈដើម្បីបង្កើតនូវមុខរបរនិងខិតខំប្រកបការងារដើម្បីចិញ្ចឹមជីវិតនិងគ្រួសារពួកគេផងដែរ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)