កុមារជាង ៧០ម៉ឺននាក់ប្រឈមមុខនឹងការស្លាប់នៅស៊ូដង់
ហ្សឺណេវ៖ អង្គការសហប្រជាជាតិបានព្រមានកាលពីសប្តាហ៍មុនថា សង្គ្រាមដែលកំពុងឆាបឆេះនៅប្រទេសស៊ូដង់ អាចបណ្តាលឱ្យកុមារជាង ៧០០,០០០នាក់ខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅឆ្នាំ២០២៤នេះ ហើយព្រមានថា កុមាររាប់ម៉ឺននាក់អាចនឹងស្លាប់ លុះត្រាតែមានជំនួយបន្ថែមទៀត។
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានជំរុញឱ្យពិភពលោកឈប់បិទភ្នែក ចំពោះគ្រោះមហន្តរាយដែលបង្កឡើងដោយសង្គ្រាមស៊ីវិលរយៈពេល ១០ខែ រវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF)។
អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ លោក James Elder បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ផលវិបាកនៃសង្រ្គាមរយៈពេល ៣០០ថ្ងៃមកនេះ មានន័យថា កុមារជាង ៧០០,០០០នាក់ នឹងប្រឈមមុខនូវកង្វះអាហារូបត្ថម្ភដ៏ធ្ងន់ធ្ងរបំផុតនៅឆ្នាំនេះ។
លោកបន្ថែមថា បើគ្មានការផ្តល់ជំនួយបន្ថែមទៀតទេ អង្គការយូនីសេហ្វនឹងមិនអាចព្យាបាលអ្នកជំងឺលើសពី ៣០០,០០០នាក់បានទេ ក្នុងករណីនោះ មនុស្សរាប់ម៉ឺននាក់អាចស្លាប់។
ឆ្លើយតបនឹងវិបត្តិដុនដាបខាងលើនេះ អង្គការសហប្រជាជាតិបានអំពាវនាវរកថវិកាចំនួន ៤.១ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការមនុស្សធម៌នៅស៊ូដង់ និងគាំទ្រអ្នកដែលភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ ក្នុងនោះ អង្គការយូនីសេហ្វបានស្នើសុំថវិកាចំនួន ៨៤០លានដុល្លារ ដើម្បីជួយដល់កុមារដែលងាយរងគ្រោះបំផុតចំនួន ៧.៦លាននាក់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា