ក្វាតេម៉ាឡារឹបអូសបានថ្នាំញៀនកូកាអ៊ីនជាងកន្លះតោន

ក្វាតេម៉ាឡា៖ អាជ្ញាធរប្រឆាំងគ្រឿងញៀនហ្គាតេម៉ាឡា កាលពីសប្តាហ៍មុន រឹបអូសបានថ្នាំញៀនកូកាអ៊ីនចំនួន ៥២៥គីឡូក្រាម ដែលលួចលាក់បង្កប់នៅក្នុងទូរកុងតឺន័រ ដែលដឹកជញ្ជួនមកពីប្រទេសកូស្តារីកា។

អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញា លោក Moisés Ortiz បានប្រាប់អ្នកសារព័ត៌មានថា ថ្នាំញៀនរកឃើញនៅក្នុងប្រអប់ដែកមួយ នៅខាងក្នុងទូរកុងតឺន័រ នៅឯក្រុមហ៊ុនកំពង់ផែ APM មានទីតាំងនៅផ្នែកខាងត្បូងនៃទីក្រុង Escuintla ចម្ងាយប្រហែល ១១០គីឡូម៉ែត្រពីរដ្ឋធានីក្វាតេម៉ាឡា។

លោក Ortiz បន្តថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានចាប់ផ្តើមកាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុន ហើយរហូតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ អំពីការចាប់ខ្លួនជនសង្ស័យណាម្នាក់នៅឡើយទេ។ ថ្នាំញៀនទាំងអស់នឹងត្រូវដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រ ឆ្ពោះទៅកាន់ទីតាំងស្តុកទុករបស់ប៉ូលិស ដើម្បីរក្សាសុវត្ថិភាព។

ក្រុមជួញដូរគ្រឿងញៀនអន្តរជាតិបានប្រើប្រាស់តំបន់អាមេរិកកណ្តាល រួមជាមួយការផ្តល់ជំនួយពីឈ្មួញជួញដូរគ្រឿងញៀនក្នុងស្រុក ដើម្បីដឹកជញ្ជូនគ្រឿងញៀនឆ្ពោះទៅកាន់ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា កាលពីឆ្នាំ ២០២៣ កងកម្លាំងប្រឆាំងគ្រឿងញៀនហ្គាតេម៉ាឡារឹបអូសបានថ្នាំញៀនកូកាអ៊ីនជាង ៣តោន តួលេខនេះថយចុះជិត ៥០ភាគរយ បើធៀបនឹងឆ្នាំមុន។

សហរដ្ឋអាមេរិកបានបញ្ជាក់ថា ៩០ភាគរយនៃថ្នាំញៀនកូកាអ៊ីនបានហូរចូលទឹកដីរបស់ខ្លួន តាមរយៈច្រកព្រំដែនម៉ិកស៊ិក និងតំបន់អាមេរិកកណ្តាល ដោយប្រើប្រាស់យន្តហោះខ្នាតតូច ទូក និងនាវាមុជទឹកជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner