អភិបាលរងខេត្តកំពត ២រូប ត្រូវបាន ប្រកាសចូលកាន់មុខតំណែង ក្រោមអធិបតីភាព ឯកឧត្ដម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
កំពត៖អភិបាលរងខេត្តកំពត ២រូប ត្រូវបាន ប្រកាសចូលកាន់មុខតំណែង ក្រោមអធិបតីភាព ឯកឧត្ដម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩ នាសាលាខេត្ត កំពត ក្រោមអធិបតីភាពឯកឧត្ដមលេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមអនុក្រិត្យស្ដីពីការផ្ទេភារកិច្ចនិង តែងតាំងមន្ត្រីរាជការ ក្នុងនោះត្រូវបានសម្រេចផ្ទេភារកិច្ចលោក ជឹង ផល្លានិងលោក ស៊ឹម វុទ្ធា ពីអភិបាលរងខេត្ត កំពតអោយទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃនិងសម្រេចតែងតាំង លោកសេង សិរីបុត្រ និង លោក តូ លិ ជាអភិបាលរងខេត្តកំពត។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានអោយដឹងពីសភាពការណ៍រួមទូទៅក្នុងខេត្តមានលក្ខណៈល្អប្រសើរ និង មានសមិទ្ធផលរីកចម្រើននានាលើគ្រប់វិស័យរបស់ខេត្តកំពតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះខេត្តកំពតក៏បាននឹងកំពុងអនុវត្តនូវគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ តាមមន្ទីរ អង្គភាព ស្ថាប័ន នានាជុំវិញខេត្តហើយ វិស័យដ៏ទៃទៀតនៅក្នុងខេត្តកំពតក៏សុទ្ធតែទទួលបាននូវការរីកចម្រើននិងមានដំណើរការល្អជាបន្តបន្ទាប់ចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន។ ពិសេស ការអនុវត្ត យ៉ាងសកម្ម នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកពង្រឹងនូវអភិបាលកិច្ចល្អកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធ សាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។
ឯកឧត្តម លេង វី បញ្ជាក់ថា ការតែងតាំងអភិបាលរងខេត្តនាពេលនេះគឺយោងទៅតាមភាពចាំបាច់នៃការដឹកនាំក្នុងរដ្ឋបាលខេត្តដោយធ្វើទៅតាមនីតិវិធីច្បាប់កំណត់ជាធម្មតា ហើយផ្អែកទៅលើកស្នាដៃនិងសមត្ថភាពដឹកនាំជាការចាំបាច់ ដោយមានការថ្លឹងថ្លែងគិតគូរយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក៏ដូចក្រសួងមហាផ្ទៃ ។ ឯកឧត្តមលេង វីក៏បានផ្ដាំផ្ញើដល់អភិបាលរងខេត្តទាំងពីរដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីនាពេលនេះក៏ដូចថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់គ្រប់ផ្នែកទាំងអស់ក្នុងខេត្តកំពតត្រូវបន្តខិតខំយកចិត្តទុកដាក់រួមសហការគ្នាក្នុងកិច្ចអភិវឌ្ឍន៍ពិសេសថែរក្សាការពារសន្តិសុខសណ្ដាបធ្នាប់ជូនប្រជាពលរដ្ឋលុបបំបាត់នូវភាពអសកម្មនានា ដើម្បីធានាការរស់នៅសុខសាន្តជូនប្រជាពលរដ្ឋអោយបានកាន់តែល្អថែមទៀត ៕








