រកឃើញកូនផ្សោតកើតថ្មីមួយក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ

ភ្នំពេញ៖ កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណជា២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេ នៅអន្លង់កាំពី ខេត្តក្រចេះ ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោងប្រមាណ ១០ និង៤៥នាទី នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រទះឃើញកូនសត្វផ្សោតមួយក្បាល នៅអន្លង់កាំពី ជ្រោយបន្ទាយ ស្ថិតនៅ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពខាងលើនេះបានឱ្យដឹងផងថា៖កូនផ្សោតនេះស្ថិតក្នុងហ្វូងសត្វផ្សោត ០៦ក្បាល ផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលកើតក្នុងឆ្នាំ២០២៤។

គួរបញ្ជាក់ថាសត្វផ្សោតទន្លេមេគង្គ ត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។នៅក្នុងប្រទេសកម្ពុជាសត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតទៅដល់ ព្រំប្រទល់ នៃប្រទេសឡាវ ប៉ែកខាងក្រោមនៃល្បាក់ខោនដែលមានចម្ងាយ១៨០គីឡូម៉ែត្រ។

បច្ចុប្បន្ននេះដែរ មានតែប្រទេសចំនួន០៦ប៉ុណ្ណោះ ដែលមានវត្តមានផ្សោតទឹកសាបរស់នៅ ហើយកម្ពុជាជាប្រទេសដែលមានផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុងហែលឡើងចុះតាមខ្សែទឹកដងទន្លេមេគង្គនៅម្តុំព្រែកកាំពី ក្នុង ខេត្ត ក្រចេះ។

ក្រសួងកសិកម្មបានឱ្យដឹងដែរថា”សូមបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកនេសាទ ប្រសិនបើបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ 012897943, 011355883, 099791919, 092918144, 017818382, និង 012908121”៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner