កូរ៉េខាងជើងធ្វើតេស្តប្រព័ន្ធបាញ់បង្ហោះរ៉ុក្តែតថ្មី

កូរ៉េខាងជើង ក្នុងថ្ងៃចន្ទនេះ អះអាងថា ខ្លួនទើបតែបានអភិវឌ្ឍប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្តែតចម្រុះថ្មីមួយ ដែលវានឹងជួយបង្កើនសមត្ថភាពការពារជាតិប្រទេសរបស់ខ្លួនបានមួយកម្រិតទៀត។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា បណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង បានទទួលជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលបាលិស្ទីគទំហំ ២៤០មីលីម៉ែត្រ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយប្រើប្រាស់ប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្តែតចម្រុះថ្មី ដែលខ្លួនទើបអភិវឌ្ឍន៍។ បច្ចុប្បន្ន ប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្កែតថ្មីនេះ កំពុងស្ថិតក្រោមការវាយតម្លៃឡើងវិញ នៅមុនពេលបញ្ជូនវាទៅកាន់សមរភូមិ។

កូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ នៅឆ្នាំនេះ បានប្រកាសចាត់ទុកកូរ៉េខាងត្បូង ជា “សត្រូវចម្បង” របស់ខ្លួន និងបានគំរាមកំហែងធ្វើសង្គ្រាម បើសិនទីក្រុងសេអ៊ូលហ៊ានរំលោភបំពានទឹកដីប្រទេសខ្លួន សូម្បីតែ ០.០០១មីលីម៉ែត្រ។ បន្ថែមលើនេះ លោក គីម ជុងអ៊ុន ក៏បានព្រមានដែរថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការកម្ទេចកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូលហ៊ានប្រើកម្លាំង។

ចំណែកប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល វិញ ក៏បានប្តេជ្ញាឆ្លើយតបយ៉ាងខ្លាំងក្លាផងដែរ ប្រសិនបើកូរ៉េខាងជើងហ៊ានបើកការវាយប្រហារណាមួយ និងបានអំពាវនាវឱ្យយោធារបស់គាត់ “ធ្វើសកម្មភាពមុន… រាយការណ៍តាមក្រោយ” ប្រសិនបើមានការបង្កហេតុកើតឡើង។

ទន្ទឹមគ្នា លោក យូន ក៏បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយអាមេរិក និងជប៉ុន ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២២ ព្រមទាំងបង្កើនការធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែង ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner