សមិទ្ធផលនានាក្នុងវត្តអង្គសឹង្ហ ឃុំចំបក់ ស្រុកបាទី ដែលចំណាយការសាងសង់ជាង ២១ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

តាកែវ៖ ឧបដ្ឋានសាលា របង រួមទាំងសមិទ្ធផលផ្សេងៗទៀត ដែលបានសាងសង់រួចរាល់ គិតជាទឹកប្រាក់អស់ជាង ២១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាការចូលរួមចាប់មគ្គផល របស់ប្រជាពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ស្ថិតនៅក្នុងវត្តអង្គសឹង្ហ ភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ និងមានរៀបចំពិធីស្រោចស្រពសុគន្ធវារី ប្រគេនដល់ព្រះភិក្ខុ តាណន្តរោ ចេន ជាតា ព្រះចៅអធិការអង្គសឹង្ហ ដោយមានការនិមន្តចូលរួមពី សម្ដេចពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ផងដែរ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តតាកែវ មានប្រសាសន៍ថា កម្មវិធីថ្ងៃនេះ អាចប្រព្រឹត្តទៅបានដោយសារផ្លែផ្កានៃសន្តិភាព ដែលកើតចេញពីការស្វែងរកបានយ៉ាងលំបាក របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានប្តូរផ្តាច់ស្វែងរកសន្តិភាព បង្រួបង្រួមជាតិ និងឯកភាពទឹកដីតែមួយ របស់កម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ។ យើងរក្សាសុខដុមនីយកម្មសាសនាទាំងអស់ ដែលមាន នៅ កម្ពុជា អាចទំនាក់ទំនងគ្នាទៅមក និងរស់នៅក្នុងសង្គមជាតិតែមួយ ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានតម្កលនូវថវិកា ចំនួន ២០ លានរៀល ដល់វត្តដើម្បីដោះស្រាយ ចាត់ចែងនៅក្នុងពិធីបុណ្យឆ្លងនេះផងដែរ ។

របាយការណ៍បានឱ្យដឹងថា វត្តអង្គសឹង្ហ បានកកើតឡើងក្នុងឆ្នាំ១៧៩៧គិតមកដល់ពេលនេះមានអាយុកាល ២២៧ឆ្នាំ ជាវត្តមួយដែលមានវ័យចំណាស់ក្នុងចំណោមវត្តទាំង ៤៩ក្នុងមូលដ្ឋានស្រុកបាទី សព្វថ្ងៃមានព្រះសង្ឃចំនួន ១២អង្គ ភិក្ខុ ៦អង្គ និងសាមណេរ ៦អង្គ បានឆ្លងកាត់ព្រះគ្រូចៅអធិការចំនួន ៩អង្គរួចមកហើយ ព្រះតេជគុណ ចេន ជាតា ជាព្រះគ្រូចៅអធិការជំនាន់ទី១០ សមិទ្ធិផល ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះរួមមាន ឧបដ្ឋានសាលា របង ព្រះអង្គបាលិ លេយ្យកៈ ចាក់សាប ក្រាលការ៉ូឡា សួនច្បារ ដំឡើងអំពូលសូឡា រៀបចំប្រព័ន្ធទឹក ចាក់សាប និងកសាងបន្ទប់ទឹក រួមទាំងសមិទ្ធផលផ្សេងៗទៀតដែលបានចំណាយបច្ច័យកសាងសរុបអស់ ប្រមាណជា ២១៣៦១៥ដុល្លារ (ម្ភៃមួយម៉ឺនបីពាន់ប្រាំមួយរយដប់ប្រាំដុល្លារ) ដែលបច្ច័យទាំងនោះ បានមកពីវត្តផ្ទាល់ និងតាមរយៈសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner