អ្នកនាំពាក្យ គ.ជ.ប៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពីថ្ងៃទី១០ កុម្ភៈ មកដល់ត្រឹមព្រឹកថ្ងៃទី១២ កុម្ភៈ បានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ របស់គណបក្សនយោបាយ ដែលបានចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ត្រឹមព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ កុម្ភៈនេះថា ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ របស់គណបក្សនយោបាយ ដែលបានចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ត្រឹមព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅជាប្រក្រតី គណបក្សនយោបាយទាំង៤ ឃើញថាមានគណបក្ស៣ បានធ្វើសកម្មភាពដង្ហែក្បួន ដោយឡែកគណបក្ស១ ធ្វើការឃោសនាតាមរបៀបជួបជុំគ្នា។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា អ្វីជាការក់សម្គាល់ឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺសុទ្ធតែមានភាពចាស់ទុំនៅក្នុងការអនុវត្តនូវតួនាទី និងសកម្មភាពឃោសនារបស់ខ្លួន គឺមិនមានការប៉ះពាល់គ្នា ឬក៏ធ្វើឱ្យរំខាន និងមិនមានការញុះញង់នោះទេ។ ឯកឧត្តម ហង្ស ពុទ្ធា បានមានប្រសាសន៍បន្តថា មកដល់ពេលនេះ មានអ្នកសង្កេតការណ៍ជាតិ ប្រមាណជាង៧០០នាក់ និងអ្នកយកសារព័ត៌មានជាតិមានចំនួនជិត១០០នាក់ ដែលបានដាក់ពាក្យសម្រាប់សង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ

ads banner