ផ្ទុះបាតុកម្មប្រឆាំងនឹងប្រធានាធិបតីសេណេហ្កាល់

ដាកា៖ បាតុករអាយុ ១៦ឆ្នាំម្នាក់ទៀតបានបាត់បង់ជីវិត នាំឱ្យអ្នកស្លាប់សរុបកើនដល់ ៣នាក់ បន្ទាប់ពីការប៉ះទង្គិចគ្នានៅភាគខាងត្បូងប្រទេសសេណេហ្កាល់ ក្រោយប្រធានាធិបតីសេណេហ្កាល់ លោក Macky Sall បានពន្យារពេលការបោះឆ្នោតប្រធានាធិបតីក្នុងខែកុម្ភៈនេះ។

ជាងមួយសប្តាហ៍មកហើយ ដែលភ្លើងកំហឹងរបស់ប្រជាពលរដ្ឋសេណេហ្កាល់ឆាប់ឆេះឡើង។ ភ្លើងកំហឹងកាន់តែរោលរាលនេះ ក៏ព្រោះតែប្រធានាធិបតីសេណេហ្កាល់ លោក Macky Sall បានប្រកាសលើកពេលបោះឆ្នោតប្រធានាធិបតី ពោលគឺពន្យារពេលរហូតដល់ចុងឆ្នាំ២០២៤។ ការសម្រេចចិត្តរបស់លោក Sall ក្នុងការពន្យារពេលបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ បានធ្វើឱ្យប្រទេសសេណេហ្កាល់ ធ្លាក់ចូលទៅក្នុងវិបត្តិដ៏អាក្រក់បំផុតមួយរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យពីប្រទេសបារាំងក្នុងឆ្នាំ១៩៦០។

បេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន ១៤នាក់ បានដាក់ពាក្យប្តឹងទៅកាន់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំលុបចោលក្រឹត្យប្រធានាធិបតីបច្ចុប្បន្ន ដែលពួកគេយល់ថា បំពានច្បាប់កំពូលរបស់ជាតិ។ លោក Sall និយាយថា ការសម្រេចចិត្តពន្យារពេលការបោះឆ្នោតនេះ គឺដោយសារតែជម្លោះរវាងសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ជុំវិញបេក្ខជនដែលមានសក្តានុពលត្រូវបានរារាំងមិនឱ្យឈរឈ្មោះ។

លោក Sall បន្ថែមថា គាត់ចង់ចាប់ផ្តើមដំណើរការនៃការបន្ធូរបន្ថយ និងការផ្សះផ្សា ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តមិនឈរឈ្មោះសម្រាប់អាណត្តិទីបី ចំពេលមានការបង្ហាញការព្រួយបារម្ភពីអន្តរជាតិ។ ទោះបីជាយ៉ាងណា មេដឹកនាំគណបក្សប្រឆាំងបានបរិហារចំណាត់ការនេះថាជា «រដ្ឋប្រហាររដ្ឋធម្មនុញ្ញ» ហើយបានថ្កោលទោសការបង្ក្រាបរបស់អាជ្ញាធរលើក្រុមបាតុករ។

ទន្ទឹមគ្នា អ្នកវិភាគស្ថានការណ៍និយាយថា ការពន្យារពេលបោះឆ្នោតប្រធានាធិបតីទៅចុងឆ្នាំវិញ លោក Sall ទំនងជាចង់បន្តដឹកនាំប្រទេសជាតិ ខណៈដែលគាត់នឹងត្រូវផុតអាណត្តិនៅថ្ងៃទី២ ខែមេសាខាងមុខ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner