ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចុះហត្ថលេខាជាមួយ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌” នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងយុត្តិធម៌ ។

អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានេះ មានគោលបំណង ៤សំខាន់ គឺ (១)-ដាក់ឱ្យប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារនានាក្នុងវិស័យយុត្តិធម៌ (២)-ដាក់ឱ្យប្រើប្រាស់ថ្នាលឬសេវារដ្ឋាភិបាលឌីជីថល (Digital Government Products/DGPs) ក្នុងក្រសួងយុត្តិធម៌ (៣)-រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងក្រសួងយុត្តិធម៌ និង (៤)-រៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្ត្រីរាជការក្រសួងយុត្តិធម៌។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានវាយតម្លៃ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលសម្រេចបាននូវសមិទ្ធផលការងារជាអាទិភាពជាច្រើននៅក្នុងវិស័យឌីជីថល ជាពិសេស ការបង្កើតឱ្យមាននូវថ្នាល និងសេវារដ្ឋាភិបាលឌីជីថលថ្មីៗ សម្រាប់បម្រើឱ្យសេចក្តីត្រូវការជាក់ស្តែងក្នុងវិស័យសាធារណៈ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរចំពោះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលទើបទទួលបានមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈរវាងក្រសួងទាំងពីរនាថ្ងៃនេះ គឺនឹងជំរុញល្បឿន នៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌ ក៏ដូចជាការបង្កើនជំនឿទុកចិត្តនិងភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវទទួលសេវាសាធារណៈក្រោមសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ តាមរយៈការប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្ទៀងផ្ទាត់ឯកសារនានារបស់ក្រសួងយុត្តិធម៌ ព្រមទាំងចូលរួមជួយពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការក្រសួងយុត្តិធម៌លើជំនាញឌីជីថផងដែរ ។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដារលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner