សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញឃ្លីបវីដេអូ ស្ដីពីចំណាប់អារម្មណ៍របស់បេក្ខជន អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាដែលចូលរួម និងរៀបចំការប្រឡងប្រជែង ជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញឃ្លីបវីដេអូស្ដីពី ចំណាប់អារម្មណ៍របស់បេក្ខជន អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាដែលចូលរួម និងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ផ្អែកលើគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» និង ក្រោមស្មារតី «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ ។
បេក្ខជនចំនួន ១០០រូបដែលបានប្រឡងជាប់ នឹងត្រូវដាក់ពង្រាយតាមអនុវិទ្យាល័យ និងវិទ្យាល័យគោលដៅក្នុងខេត្តចំនួន២១ បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាលតាមកម្រិត ឬប្រភេទក្របខណ្ឌដែលខ្លួនបានជ្រើសរើស ជាមួយការបន្តនីតិវិធីនានារបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ដំណើរការ ប្រកបដោយវិន័យ សណ្តាប់ធ្នាប់ និងសុក្រឹតភាព ស្ថិតក្រោមការតាមដាន ពីក្រុមអ្នកសង្កេតការណ៍ និងស្ថាប័នពាក់ព័ន្ធដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ការប្រឡងនេះ មានបេក្ខជនចុះឈ្មោះប្រឡងប្រជែងជ្រើសរើស សរុបចំនួន៖ ១៨៩២ នាក់ (ស្រី ៥៨៥ នាក់) ។ ជាលទ្ធផលបេក្ខជនជាប់ជាស្ថាពរ ១០០ នាក់ ប្រកាសជាផ្លូវការនៅថ្ងៃទី៥ ខែកុម្ភៈ ដោយក្នុងចំណោមនោះ រួមមាន៖ កម្រិតបណ្តុះបណ្តាល ១២+២ ចំនួន ៧៥ នាក់ (ស្រ្តី ០៧ នាក់) បែងចែកក្នុងខេត្តចំនួន២០ ក្នុងនោះ ទៅវិទ្យាល័យចំនួន២១ និងអនុវិទ្យល័យ ៥៤ ទីតាំង និងកម្រិតបណ្តុះបណ្តាល ១២+៤ ចំនួន ២៥ នាក់ ( ស្ត្រី ០១ នាក់) បែងចែកក្នុងខេត្តចំនួន១៣ ក្នុងនោះ ទៅវិទ្យាល័យចំនួន១៥ និងអនុវិទ្យល័យ ១០ ទីតាំង។
សម្រាប់ដំណើរការប្រឡងប្រជែងរយៈពេល៩ថ្ងៃនេះ មានវត្តមានអ្នកសង្កេតការណ៍ចំនួន ១៦១រូប ដែលអញ្ជើញមកពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យ និងមហាជនដែលចុះឈ្មោះចូលរួមដោយស្ម័គ្រចិត្ត បានចូលរួមគ្រប់ដំណាក់កាលនៃដំណើរការរៀបចំការប្រឡង រហូតដល់ថ្ងៃបញ្ចប់នៃការប្រឡងប្រជែង។ វត្តមានអ្នកសង្កេតទាំងនេះ គឺជាសាក្សីដ៏មានតម្លាភាពមួយ តំណាងឱ្យប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីបញ្ជាក់ពី តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព សម្រាប់ដំណើរការប្រឡង។
ក្រុមអ្នកអង្កេតការណ៍ បានលើកឡើងប្រហាក់ប្រហែលគ្នាថា សកម្មភាពនៃការប្រឡងប្រជែងនេះពិតជាបានបង្ហាញពីអំពីគុណភាពនៃការអប់រំ គុណភាពនៃការបណ្តុះបណ្តាលចំពោះមន្ត្រីរាជការ ដែលជាធនធានមនុស្សសម្រាប់ប្រទេសជាតិទាំងមូល ។
មិនខុសពីអ្នកសង្កេតការ ចំពោះបេក្ខជនវិញ ក៏បានបង្ហាញពីភាពសប្បាយរីករាយចំពោះ ដំណើរការប្រឡងនេះដែរ ដោយពួកគេថា ការប្រឡងនេះពិតជាមានតម្លាភាព ហើយមានមិនប្រកាន់បក្សពួក។ ការប្រឡងប្រជែងដែលមានតម្លាភាពបែបនេះទោះបីលទ្ធផលចេញមកបែបណាក៏ពួកគេអស់ចិត្តដែរ ៕
ដោយ ៖ វណ្ណលុក