បុណ្យចូលឆ្នាំចិនបីថ្ងៃ៖ ទេសចរផ្ទៃក្នុងជាង ២៧ម៉ឺននាក់បានធ្វើដំណើរកម្សាន្ត

ភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេលបីថ្ងៃពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះមាន ទេសចរ ផ្ទៃក្នុងចំនួន ២៧១,៦៧៧នាក់ បានធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាននានា នៅតាមបណ្ដាខេត្តមួយចំនួន ខណៈមានទេសចរ បរទេស ជាងមួយ ម៉ឺននាក់បានមកទស្សនាខេត្តសៀមរាប។នេះបើយោងតាមប្រភព ក្រសួង ទេសចរណ៍ដែលបាន កត់ត្រានៅខេត្តមួយ ចំនួនដោយ ទូរទស្សន៍ អប្សរានៅថ្ងៃទី១២ ខែកុម្ភៈ ។

មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំ ចិនពីថ្ងៃទី៩-១១ ខែកុម្ភៈ ខេត្តទេសចរណ៍ដ៏ធំមួយនេះ មាន អ្នកមក កម្សាន្តប្រមាណ ១១៧.៦៧៧ នាក់ពោលកើនឡើង ១១.៥៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១០៥,៤៨១នាក់ ។ក្នុងនេះរួមមាន ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តចំនួន ប្រមាណ ៩៩,៦០០ នាក់កើន ១០.៦៧ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០,០០០ នាក់ ។ដោយឡែក ភ្ញៀវទេសចរ អន្តរជាតិមាន ចំនួន ១៨.០៧៧ នាក់ កើន ឡើង ចំនួន ១៦.៧៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នា ឆ្នាំ២០២៣ ដែលមានចំនួន ១៥,៤៨១ នាក់។

រយៈពេលបីថ្ងៃនេះដែរខេត្តឧត្តរមានជ័យឯណោះវិញមានទេសចរទៅកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តប្រមាណ ៨,៨០០ នាក់។ខេត្តស្ទឹងត្រែងចំនួនប្រមាណ ៩,០០០នាក់។ខេត្តរតនគិរី ប្រមាណ ៨,៣០០នាក់។ខេត្តបាត់ដំបង ប្រមាណ ៨៩,០០០នាក់។

ចំណែកខេត្តកំពង់ស្ពឺពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភ: មានចំនួន ប្រមាណ ២៦,០០០ម៉ឺននាក់។
ខេត្តពោធិ៍សាត់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ មានចំនួន ប្រមាណ ៩,០០០ នាក់និងខេត្តក្រចេះ នាថ្ងៃទី១១ ខែកុម្ភៈ មានចំនួន ប្រមាណ៣,៩០០នាក់៕

ដោយ៖ ស៊ាន សុផាត

ads banner