មេបញ្ជាការសឹករងខេត្តកំពង់ធំ៖ យោធិនណាមានពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវបានលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌ

កំពង់ធំ៖ មេបញ្ជាការសឹករងខេត្តកំពង់ធំ បានរំលឹកដល់យោធិនគ្រប់រូប ត្រូវបំពេញភារកិច្ចស្របតាមច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ហើយត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ក្នុងករណីមានយោធិនណាម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវបានលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌ និងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរំលឹកដូច្នេះក្នុងឱកាសផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅលើឆាកអន្តរជាតិ ក្នុងតំបន់ និងការអភិវឌ្ឍរីកចម្រើនថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា និងអប់រំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោក៏បានដាក់បទបញ្ជា និងក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យបានបូរណភាពទឹកដី និងដាច់ខាតការពារឱ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ៕
ដោយៈប៊ុន រដ្ឋា

ads banner