មួយខែនាំចេញអង្ករបាន ៤៦ពាន់តោនតម្លៃជាង ៣២លានដុល្លារ (Video Inside)
កម្ពុជារកចំណូលបានពីការនាំចេញអង្ករចំនួនជាង ៣២លានដុល្លារ ក្នុងរយៈពេល ១ខែ ក្នុងខែមករាដើមឆ្នាំ២០២៤នេះ។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ទិន្នន័យនេះ មានការកើនឡើងចំនួន២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
អង្ករសរុបចំនួន ៤៦ពាន់តោនតម្លៃ ៣២លាន ៦២ម៉ឺនលានដុល្លារអាមេរិក ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤២ប្រទេស ក្នុងទីផ្សារនៅអឺរ៉ុប ដែលមាន ២២ប្រទេស មានការនាំចេញអង្ករបានជាង ២ម៉ឺន ៥ពាន់តោនតម្លៃ ៨លាន ៨៥ម៉ឺនដុល្លារ។ អឺរ៉ុបគឺជាទីផ្សារដ៏ធំជាងគេបង្អស់មួយ ដែលមានការនាំចេញអង្ករសរុប ៥៤ភាគរយ នៃការនាំចេញអង្ករទាំង ៤៦ពាន់តោន កាលពីក្នុងខែមករាកន្លងមកនេះ។
ដោយឡែកអង្ករនាំចេញទៅកាន់តំបន់អាស៊ីអាគ្នេយ៍ រួមមានចំនួន ៥ប្រទេសគឺ ទីម័រខាងកើតចំនួនជិត ២ម៉ឺនតោន តម្លៃជាង ៨លាន ៣០ម៉ឺនលានដុល្លារ។ ប្រទេសចិន ចំនួន ៥ពាន់ ១៧១តោន មានតម្លៃ ២លាន ៩៣ម៉ឺនដុល្លារ និងគោលដៅចំនួន១៣ ផ្សេងទៀត ដូចជាអាហ្រ្វិក មជ្ឈិមបូព៌ា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ដែលសរុបចំនួនជាង ៤ពាន់តោន ដែលមានតម្លៃ ២លាន ៥៥ម៉ឺនដុល្លារ។