កម្ពុជារកឃើញអ្នកឆ្លងថ្មីនៃជម្ងឺអុតស្វា (Video Inside)

ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីជំងឺអុតស្វាជាបន្តបន្ទាប់ថ្មីបន្ថែមទៀត នៅក្នុងរាជធានីភ្នំពេញ ដែលនាំឲ្យការរកឃើញអ្នកឆ្លងជំងឺអុតស្វានៅកម្ពុជា បានកើនឡើងចំនួន ៩ករណីហើយ។

ការឆ្លងជម្ងឺអុតស្វា ៣ចុងក្រោយនេះ ត្រូវបានរកឃើញនៅក្នុងខណ្ឌដង្កោ, ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ។ អ្នកឆ្លងទាំងបីកំពុងស្ថិតក្រោមការព្យាបាល របស់ក្រសួងសុខាភិបាល នៅតាមមន្ទីរពេទ្យ។

ជម្ងឺអុតស្វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកកើតជំងឺនោះ, និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ, ទឹកសារពាង្គកាយ, ទឹកមាត់, តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមានសម្លៀកបំពាក់ ពូក កន្លែង ឬសម្ភារៈ ស្លាបព្រា ចាន និងកែវទឹកជាដើម។

ជម្ងឺអុតស្វា ត្រូវគេរកឃើញកើតឡើងដំបូងក្នុងប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កើតលើជនជាតិនីហ្សេរីយ៉ា និងក្រោយមកទើបមានការកើតជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣។

ក្រសួងសុខាភិបាលបានថ្លែងថា ការផ្ទុះឆ្លង នៃជម្ងឺអុតស្វាគិតត្រឹមថ្ងៃទី២៥ មករា ឆ្នាំ២០២៤ នៅទូទាំងសកលលោក តួលេខមនុស្សឆ្លងមាន ៩ម៉ឺន ៣ពាន់ ៣០នាក់ នៃប្រទេសចំនួន១១៧។ តួលេខអ្នកស្លាប់ដោយសារជម្ងឺអុតស្វានេះ ត្រូវគេបញ្ជាក់ថា មានចំនួន ១៧៦នាក់ផងដែរនៅលើសកលលោកនេះ។

ads banner