រដ្ឋមន្ត្រីក្រសួងព័ត៌មាន អបអរសាទរទិវាវិទ្យុពិភពលោកលើកទី១៣ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤
ភ្នំពេញ ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចូលរួមអបអរសាទរជាមួយលោក លោកស្រីជាម្ចាស់ស្ថានីយវិទ្យុ ផលិតករ ពិធីករ ពិធីការិនី អ្នកបច្ចេកទេស និងអ្នកសារព័ត៌មាន នៃស្ថាប័នវិទ្យុនៅក្នុងប្រទេសកម្ពុជា និងទូទាំងសកលលោក ក្នុងឱកាស ទិវាវិទ្យុពិភពលោក លើកទី១៣ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ទិវាវិទ្យុពិភពលោក ត្រូវបានបង្កើតក្នុងគោលបំណងជំរុញលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីសារសំខាន់របស់វិទ្យុក្នុងជីវភាពប្រចាំថ្ងៃ និងជាឱកាសនៃការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងប្រតិបត្តិករនៃស្ថាប័នវិទ្យុ ដើម្បីអភិវឌ្ឍន៍និងធ្វើទំនើបកម្មស្ថានីយវិទ្យុ ឆ្លើយតបតាមតម្រូវការរបស់សាធារណជន និងការវិវត្តសង្គមនៃបច្ចេកវិទ្យាឌីជីថល។
នៅឆ្នាំ២០២៤ ទិវាវិទ្យុពិភពលោកត្រូវបានប្រារព្ធក្រោមប្រធានបទ «មួយសតវត្សរ៍ នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន អប់រំ និងការកម្សាន្ត -Radio: A Century informing, entertaining and educating» បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ ដែលក្នុងរយៈពេលជាង ១ សតវត្សរ៍មកនេះ នៅតែជាឧបករណ៍គមនាគមន៍ដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ការអប់រំ និងការកម្សាន្ត តាមសម័យកាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ទន្ទឹមនេះ ក្នុងដំណើរការកសាងសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា ស្ថាប័នវិទ្យុបានដើរតួនាទីជាកាតាលីករដ៏សំខាន់ ក្នុងការបញ្ជ្រាបព័ត៌មាន ដើម្បីលើកកម្ពស់ចំណេះដឹងមូលដ្ឋានដល់ប្រជាពលរដ្ឋ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានរំលឹកផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ ស្ថាប័នវិទ្យុនៅតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា តាមរយៈការរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងគោលបំណងកៀរគរការចូលរួមអនុវត្តនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើននូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។
ជាមួយសមិទ្ធផល និងស្នាដៃគួរកត់សម្គាល់កន្លងមក ក្នុងនាមក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានផ្តល់ជូនអនុសាសន៍ សម្រាប់ជាធាតុចូលបន្ថែមដល់ប្រតិបត្តិករស្ថាប័នវិទ្យុនៅកម្ពុជា ដោយត្រូវយកចិត្តទុកដាក់លើការ៖
១.យកចិត្តទុកដាក់កសាង និងអភិវឌ្ឍសមត្ថភាពដឹកនាំ និងប្រតិបត្តិ ដើម្បីរួមចំណែកប្រែក្លាយស្ថាប័នព័ត៌មាន ទៅជា ស្ថាប័នទំនាក់ទំនងសាធារណៈ ប្រកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ប្រកកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល
២.បន្តលើកកម្ពស់ និងកសាងសមត្ថភាពក្នុងការផលិតមាតិកាកម្មវិធីប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ តាមរយៈអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»
៣.បន្តរួមគ្នាការពារសណ្ដាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថេរភាពកម្ពុជា ដោយត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន
៤.បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីចូលរួមអភិវឌ្ឍមធ្យោបាយផ្សព្វផ្សាយនេះឱ្យកាន់តែរីកចម្រើន ក្រោមគោលការណ៍នៃការជឿទុកចិត្ត សមភាព វឌ្ឍនភាព និងផលប្រយោជន៍
៥.ជំរុញការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយបុរាណជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប ដោយត្រូវយកចិត្តទុកដាក់ ជាពិសេសលើការធ្វើបរិវត្តកម្មឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួន
៦.ខិតខំពង្រឹងសមត្ថភាពជាមូលដ្ឋានដល់ពិធីករ និងពិធីការនី និងបង្កលក្ខណៈស្វែងយល់បន្ថែមលើអក្សរសាស្ត្រ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិជាដើម ដើម្បីជៀសវាងកំហុសឆ្គង ដែលអាចកើតមាននៅពេលផ្សព្វផ្សាយ
៧.បន្តចូលរួមលើកកម្ពស់ការផ្សព្វផ្សាយ ដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន គ្រោះថ្នាក់ចរាចរ និងការសេពគ្រឿងស្រវឹង
៨.បន្តលើកកម្ពស់ការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព តាមគ្រប់រូបភាព ដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គម
៩.បន្តកិច្ចសហការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មានពីខាងក្រៅ ៕
ដោយ ង៉ាន់ ទិត្យ





