មូលនិធិប្រាសាទពិភពលោក បន្តគម្រោងជួសជុលជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូង របស់ប្រាសាទភ្នំបាខែង ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា៖តាមរយៈមូលនិធិ ប្រាសាទ ពិភពលោក(World Monument Fund) របស់សហរដ្ឋអាមេរិកដែលរួមកិច្ចសហប្រតិ បត្តិការ ជាមួយអាជ្ញាធរជាតិអប្សរានោះ កំពុងបន្តជួសជុលជណ្ដើរ និងជញ្ជាំងផ្នែកខាង ត្បូង របស់ប្រាសាទភ្នំបាខែងបន្ថែមទៀត បន្ទាប់ពីបានបញ្ចប់ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងកើត និងខាងជើងរួចរាល់មក។
ស្ថាបត្យករ និងជាអ្នកសម្របសម្រួលគម្រោងរបស់មូលនិធិប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី បានឱ្យដឹងថា ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូងរបស់ ប្រាសាទ ភ្នំ បាខែងនេះ សម្រេចបានចំនួន៥០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៧ខាងមុខ។
អ្នកស្រី ផល្លី ប្រាប់ឱ្យដឹងទៀតថា ប្រាសាទភ្នំបាខែង មិនខុសពីប្រាសាទដទៃទៀតទេ គឺរង ការ ខូចខាតដោយសារកត្តាអាយុកាល ឫសឈើដុះចាក់ អាកាសធាតុ និងទឹកហូរច្រោះ បណ្ដាល ឱ្យរចនាសម្ពន្ធប្រាសាទខូចខាត ទ្រេត និងរលំ។ ជណ្តើរខាងត្បូង និងជញ្ជាំង រួតផ្នែកខាងលិចនៅផ្នែកពាក់កណ្តាលពីរ៉ាមីតនៃប្រាសាទភ្នំបាខែង ក៏កំពុងតែក្រៀកថ្ម រលោះ និងហែកទាំងក្បាលជណ្តើរ កាំជណ្តើរ និងជញ្ជាំង។
ក្រុមបច្ចេកទេស កំពុងតែរុះរើជណ្តើរ រួចបុកបង្ហាប់ បន្ថែមគ្រឹះថ្មី ដើម្បីរៀបចំជួសជុល វាឡើងវិញ ចំណែកឯជញ្ជាំង ត្រូវពង្រឹងឱ្យរឹងមាំឱ្យស្របតាមធម្មនុញ្ញអង្គរ ដែលបាន កំ ណត់ ដោយគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។
គួរបញ្ជាក់ថាប្រាសាទភ្នំបាខែងកសាងឡើងពីការកាត់ថ្មភ្នំធម្មជាតិ ធ្វើឱ្យទៅរាងពីរ៉ាមីត ដោយបន្ថែមថ្មបាយក្រៀម ថ្មភក់ ដី និងរូបចម្លាក់ផ្សេងៗ ដើម្បីកសាងជាប្រាសាទភ្នំ។
ប្រាសាទនេះ ស្ថិតនៅចំកណ្តាលទីក្រុងយសោធរបុរៈ នាឆ្នាំ៩០៧ នៃគ្រឹស្តសករាជ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១ នៅចន្លោះប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត៕
ដោយ៖ម៉ាដេប៉ូ





