ភ្ញៀវទេសចរជាងមួយលាននាក់ដើរកម្សាន្តពេលចូលឆ្នាំចិន
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមបាននាំមកនូវលំហូរភ្ញៀវទេសចរយ៉ាងច្រើនមកកាន់ប្រទេសកម្ពុជា ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១លាន ៥ម៉ឺននាក់ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែកុម្ភៈ ឆ្នាំ ២០២៤។
របាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈបានឱ្យដឹងថា ភ្ញៀវទេសចរជាតិមានជិតមួយលាននាក់ និងភ្ញៀវទេសចរបរទេសជាងប្រាំម៉ឺននាក់។ មានប្រាំខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេរួមមាន ព្រះសីហនុ សៀមរាប បាត់ដំបង ប៉ៃលិន និង ខេត្តកែប។
ខេត្តព្រះសីហនុឈរលំដាប់លេខ១ ដោយទទួលបានភ្ញៀវទេសចរជាតិសរុបជិត៣០ម៉ឺននាក់ និងភ្ញៀវបរទេសជាង១០ម៉ឺននាក់។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុឱ្យដឹងថា ចំនួនភ្ញៀវទេសចរនេះបានកើនឡើង ២០ភាគរយ ធៀបនឹងឆ្នាំមុន។ ឆ្នេរស្អាតៗរបស់ខេត្តនេះ ដូចជា ឆ្នេរកោះរ៉ុង ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ជាកន្លែងទាក់ទាញភ្ញៀវបានច្រើនបំផុត។
ខេត្តកែបថ្មីៗនេះទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ឆ្នាំ ២០២៤។ ខេត្តនេះមានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៧ម៉ឺននាក់ពោលគឺកើនឡើងជាង ៨ភាគរយធៀបនិងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ខេត្តសៀមរាប ដែលមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប មានភ្ញៀវទេសចរជាង១១ម៉ឺននាក់ ក្នុងអំឡុងពេលពិធីបុណ្យនេះកើនឡើង ១១ភាគរយ ធៀបនឹងឆ្នាំមុន ដែលបង្ហាញពីការចាប់អារម្មណ៍ខ្លាំងឡើងលើតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌របស់កម្ពុជា។
កំណើនទេសចរណ៍នេះ ជួយជំរុញសេដ្ឋកិច្ចសហគមន៍ ក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជា។ យ៉ាងណាក៏ដោយ បញ្ហាចរាចរណ៍នៅតែជាក្តីកង្វល់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងថា ត្រឹមរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្ស២៣នាក់ និងរបួស៤១នាក់នៅទូទាំងប្រទេស៕
ដោយ៖សែន ដាវិត
រូបថតក្រសួងទេសចរណ៍

