កម្ពុជាព្រមានពីការកើនឡើងជំងឺអ៊ុតស្វា
ភ្នំពេញ៖ ក្រសួងសុខាភិបាលព្រមានពីការកើនឡើងជំងឺអឹមផក(ឈ្មោះដើមជំងឺអ៊ុតស្វា)នៅកម្ពុជា ស្របគ្នានឹងនិន្នាការលើសកលលោកកំពុងកើនឡើងគួរព្រួយបារម្ភ។ ការព្រមាននេះ ក៏ស្របពេលកម្ពុជារកឃើញករណីថ្មីជាបន្តបន្ទាប់ ពោលសរុបមានចំនួនប្រាំបួនករណីហើយរហូតមកទល់ពេលនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃអាទិត្យបានបញ្ជាក់ថា នៅថ្ងៃទី៩ និងថ្ងៃទី ១០ ខែកុម្ភៈ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរកឃើញករណីជំងឺអឹមផេកនេះចំនួន ៣ករណីថ្មីបន្ថែមទៀត។ ករណីថ្មីនេះ គឺកើតមាននៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈអ្នកជំងឺបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកកើតជំងឺនេះសរុបប្រាំករណី។ ចំពោះរោគសញ្ញា គឺមានកន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ ឈឹចង្កេះ និងអស់កម្លាំង។ នេះបើតាមការអះអាងរបស់ក្រសួងសុខាភិបាល។
តាមការផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោក នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ ជំងឺអឹមផកបាននិងកំពុងផ្ទុះរាលដាលក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអឹមផកសរុបជាងប្រាំបួនម៉ឺននាក់ និងករណីស្លាប់ចំនួន ១៧៦នាក់ នៅលើពិភពលោក។
ដោយមើលឃើញមានសញ្ញាណកើនឡើងគួរឲ្យព្រួយបារម្ភនេះ ក្រសួងសុខាភិបាលអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ ។
ចំពោះរបៀបចម្លងជំងឺអុតស្វានេះ ក្រសួងសុខាភិបាលបានពន្យល់ថា គឺវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺអឹមផេក និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូកកន្លែង ឬសម្ភារៈ ស្លាបព្រាចាន កែវទឹកជាដើម។
ជំងឺអ៊ុតស្វានេះ ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈការប៉ះផ្ទាល់ បើស្រ្តីមានផ្ទៃពោះឬឳពុកម្តាយមានជំងឺអឹមផក។
ចំពោះវិធានការបង្ការការចម្លងជំងឺអឹមផកនេះ ក្រសួងបានណែនាំចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយនឹងនិងសាប៊ូ ឬអាល់កុលលាងដៃជាដើម៕
ដោយ៖ សែន ដាវិត

